ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានបញ្ជាក់ថាការដើរយក​ភាស៊ីនៅផ្សារណាត់ក្រុងដូនកែវ គឺជាទង្វើខុសច្បាប់

(តាកែវ)៖ រាល់ការដើរទារភាស៊ីផ្សារទាំងអស់​ គឺត្រូវមានការចូលរួមដេញថ្លៃត្រឹមត្រូវពីក្រុមហ៊ុនវិនិយោគផ្សេងៗ ប៉ុន្តែខុសគេតែអ្នកដើរយក​ភាស៊ីផ្សារណាត់ ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ គ្មានបានចុះបញ្ជី ឬចូលរួមដេញថ្លៃអ្វីនោះឡើយ​ គឺដេីរយកលុយគ្រប់អ្នកលក់ទាំងអស់។

បើយោងតាមការលើកឡើងពីលោក ហោ បុណ្ណវឌ្ឍន៍​ បានប្រាប់​ Swift News ឲ្យដឹងថា​ លោកទទួលស្គាល់ដែរថា ភាស៊ីផ្សារណាត់នេះ គឺមិនដែលដេញថ្លៃតាមច្បាប់ត្រឹមត្រូវនោះទេ ពោលគឺមិនដែលបាន​លុយពីការដេញថ្លៃភាស៊ីផ្សារណាត់ចូល​ជា​ទ្រព្យសម្បត្តិរដ្ឋឡើយ គឺដេញតែបុគ្គ​នឹងបុគ្គលតែប៉ុណ្ណោះ​ ប៉ុន្តែ​ខាងរដ្ឋបាលក្រុងដូនកែវ​ ជាអ្នកគ្រប់គ្រង់ផ្ទាល់លេីភាស៊ីផ្សារនេះ។

លោកបានបន្តថា​ កន្លងមកខាងមន្ទីរក៏បានជំរុញដល់​រដ្ឋបាលក្រុងដូនកែវ​ ជួយជំរុញដល់ម្ចាស់ភាស៊ីផ្សារណាត់នេះ​ ឲ្យមកបំពេញបែបបទចុះបញ្ជី​ នឹងរៀបចំដាក់ដេញថ្លៃត្រឹមត្រូវ​ ស្របទៅតាមច្បាប់ភាស៊ីផ្សារ ចំពោះកម្រៃភាស៊ី​ គឺតម្រូវឲ្យអនុវត្តដូចអ្វីដែលមានចែងក្នុងសៀវភៅបន្ទុក​ កំណត់ដោយ​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ។

លោក​ ហោ​ បុណ្ណវឌ្ឍន៍​ បានបន្ថែមថា​ ប្រសិនផ្សារណាដែលគ្មានបានចុះបញ្ជីត្រឹមត្រូវនៅមន្ទីរសេដ្ឋកិច្ចនោះទេ​ គ្មានការដាក់ដេញថ្លៃជាសាធារណៈនោះទេ​ គឺខុសច្បាប់ ហើយអ្នក​យក​ភាស៊ី​ផ្សារ​នេះក៏ខុសច្បាប់ដែរ​។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រធានមន្ទីរសេដ្ឋកិច្ច​ នឹងហិរញ្ញវត្ថុខេត្ត​ លោក​ កង​ អាណាន់​ អភិបាលក្រុងដូនកែវ​ ក៏បានបញ្ជាក់ដែរថា​ ផ្សារណាត់នេះ​ ខាងរដ្ឋបាលក្រុងដូនកែវ​ មិនបានដាក់​បញ្ជូលឲ្យមានការដេញថ្លៃត្រឹមត្រូវស្របទៅតាមច្បាប់កំណត់នោះ​ គឺក្រោមហេតុផលផ្សារនេះ​មានលក់តែពេលល្ងាច​មួយភ្លែតៗ​ មិនមែនលក់ពេញ១ថ្ងៃ​ ហើយអ្នកដែលដើរយកភាស៊ីនោះ​ គេហៅថាអ្នករៀបចំអនាម័យប៉ុណ្ណោះ​។

ជុំវិញករណីនេះដែរ​ ពលរដ្ឋម្នាក់សុំមិនបញ្ជេញឈ្មោះ​ បានឲ្យដឹងថា​ ម្ចាស់ភាស៊ីផ្សារណាត់បច្ចុប្បន្ននេះ​ មានឈ្មោះ​ ឈុន​ ស្រមុំ​ គឺបាន​ដេីរយកលុយពីគ្រប់អ្នកលក់ទាំងអស់មិនថា អ្នកលក់តាមញ្ច្រែង កញ្ជើ​ ល្អី ក្រាលបាតង់​ គឺយកប្រាក់ចាប់ពី​៥០០រៀល​ ទៅ​១០០០រៀល​ រាល់ពេលចូលមកលក់នៅផ្សារណាត់នេះ៕ (SN-ស្នា)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង