ផ្លូវយន្តហោះថ្មី​ពីភ្នំពេញទៅវៀតណាម​ នឹងចាប់ផ្តើមហោះហើរ​នៅចុងខែ​មិថុនា​នេះ​

(ភ្នំពេញ)៖ កម្ពុជា និងវៀតណាម កាលពីថ្មីៗនេះ បានសម្រេចចុះកិច្ចព្រមព្រៀងបើកផ្លូវហោះហើរថ្មីមួយបន្ថែមទៀត រវាងរាជធានីភ្នំពេញ និងទីក្រុងដាណាំង ប្រទេសវៀតណាម។ នេះជាផ្លូវយន្តហោះទី៣ហើយ ពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់ទិសដៅនៃប្រទេសវៀតណាម ខណៈ២ទិសដៅទៀត ពីភ្នំពេញ​ទៅទីក្រុងហាណូយ និងភ្នំពេញទៅហូជីមិញ ។

បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជើងហោះហើរថ្មីរវាងកម្ពុជា និងវៀតណាមនេះ នឹងចាប់ផ្តើមដំណើរការនៅចុងខែមិថុនានេះហើយ។

សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ មាន ៤ក្រុមហ៊ុនអាកាសចរណ៍ដូចជា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ក្រុមហ៊ុនអាកាសចរណ៍កាតាអ៊ែវ៉េ និងក្រុមហ៊ុនអាកាសចរណ៍វៀតដេត ដែលកំពុងបម្រើការហោះហើរតាមផ្លូវអាកាស រវាងប្រទេសកម្ពុជា និង​វៀតណាម ដែលមានសរុបចំនួន ១១២ជើង ក្នុងមួយសប្តាហ៍ ដោយផ្សារភ្ជាប់ជើងហោះហើររវាងកម្ពុជា មានរាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ និងវៀតណាម មានរដ្ឋធានីហាណូយ ទីក្រុងហូជី​មិញ និងទីក្រុងដាណាំង។

ក្នុងឆ្នាំ២០១៨កន្លងទៅ អ្នកធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ បានកើនឡើងដល់ប្រមាណ ១,៨លាននាក់។ របាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងដែរថា ក្នុងត្រីមាសទី១ឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ១,៨លាននាក់ កើនឡើងជិត១០ភាគរយ ក្នុងនោះ ទេសចរវៀតណាមមាន ២៦ម៉ឺននាក់ កើនឡើង ១ភាគរយ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង