ការចរាចរឈើឆ្លងដែនទៅប្រទេសវៀតណាម កំពុងមមាញឹក ខណៈមានការរឹតបន្តឹងតាមក្រវាត់ព្រំដែន ពីសំណាងក់កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស

(ក្រចេះ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ គេសង្កេតឃើញសកម្មភាពនៃការចរាចរឈើឆ្លងដែនទៅប្រទេសវៀតណាម តាមរថយន្តធំ តូចកំពុងតែមមាញឹកឡើងវិញ បើទោះបីជាមានការរឹតបន្តឹងនៅតាមក្រវាត់ព្រំដែនពីសំណាក់កងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសក៏ដូចជាមន្ត្រីគយចល័ត រួមនឹងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនក៏ដោយ។

ជាក់ស្ដែងចាប់តាំងពីយប់ថ្ងៃទី១៣ រហូតដល់ទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ សកម្មភាពនៃការចរាចរនាំឈើឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងមួយចំនួននៅក្នុងស្រុកស្នួលខេត្តក្រចេះ គឺបានបើកឲ្យដំណើរការយ៉ាងរលូនក្រមកាឃ្លាំមើលរបស់សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅតំបន់នេះ។

សមត្ថកិច្ចនៅក្នុងខេត្តនេះ បានបង្ហើបឲ្យដឹងថា នៅយប់ថ្ងៃទី១៣ ខែមិថុនា រថយន្តវេអងមួយគ្រឿង ដែលគេដឹងថា បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីចំណុចអូរកណ្ដៀរ ឃុំអូរព្រះ ស្រុកសំបូរ ខេត្តក្រចេះ មកកាន់ស្រុកស្នួល និងបន្តចូលទៅកាន់ប្រទេសវៀតណាមតាមច្រករបៀងដេ៣។

ប្រភពដដែលបានបន្តថា បើទោះបីជាមានការរឹតបន្តឹងពីសំណាក់មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រចាំការនៅតំបន់នោះ និងមានការឆែកឆេរពីសំណាក់មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ ជាច្រើនកន្លែងតាមដងផ្លូវជាតិលេខ៧អា យ៉ាងណាក៏ដោយ គេសង្កេតឃើញក្បួនរថយន្តដឹកជញ្ជូនឈើទាំងនេះ នៅតែអាចបន្តដំណើរការឆ្លងដែនទៅបានយ៉ាងរលូន ក្រោមក្រសែភ្នែករបស់មន្ត្រីគយអាវុធហត្ថផ្ទៃប្រទេស រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធនៅតំបន់នេះ។

ប្រភពបានបន្តឲ្យដឹងទៀតថា ក្រៅពីរថយន្តធុនធំ ក៏មានរថយន្តសាំយ៉ុងដឹកឈើប្រណីតចេញពីខេត្តស្ទឹងត្រែងឆ្លងកាត់ទីរួមខេត្តក្រចេះទៅច្រកវ៉ាលឺ និងបន្តទៅច្រករបៀងមួយចំនួននៅតំបន់នោះឆ្លងដែនទៅប្រទេសវៀតណាមបានយ៉ាងរលូនថែមទៀតផង។

ជាក់ស្ដែងនាយប់ថ្ងៃទី១៦ ខែមិថុនានេះ រថយន្តសាំយ៉ុងជាច្រើនគ្រឿងបានសម្រុកដឹកជញ្ជូននាំឆ្ពោះទៅតាមច្រកខាងលើ ដោយមិនមានសមត្ថកិច្ចជំនាញពាក់ព័ន្ធណាហ៊ានបង្រ្កាបនោះឡើយ។

ក្រៅពីនេះក៏មានរថយន្តប្រភេទធំៗដឹកឈើពីខេត្តមណ្ឌលគិរី បត់ចូលមកតាមច្រកនេះ ជាច្រើនគ្រឿងដែលគេអះអាងថា ជាឈើស្របច្បាប់ដល់យកទៅដាក់នៅដេប៉ូឈើមួយកន្លែង ស្ថិតនៅភូមិច្រាបឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

តាមសត្ថកិច្ចជាច្រើនបានលើកឡើងថា ឈើដែលមានច្បាប់ទម្លាប់ស្តុកនៅតំបន់នោះ ហាក់ដូចជាកន្ទេលធំបន្លំដេក របស់ក្រុមឈ្មួញ ដែលមានភាពងាយស្រួលនៅក្នុងការបន្លំភ្នែកសមត្ថកិច្ច ហើយរាល់កាដឹកជញ្ចូនតាមរថយន្តនីមួយៗពេញប្រៀប ដែលផ្ទុយពីច្បាប់អនុញ្ញាតផ្ទុកឈើត្រឹមតែ១៥ម៉ែត្រគូបតែប៉ុណ្ណោះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង