លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ជាង១ពាន់នាក់ នៅវិទ្យាស្ថានអាស៊ីកម្ពុជា ក្រុងក្រចេះ

(ក្រចេះ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងសញ្ញាបត្របច្ចេកទេសវិជា្ជជីវៈ ជូនដល់និស្សិតជ័យលាភី ចំនួន១.០២៧នាក់ នៃវិទ្យាស្ថានអាស៊ីកម្ពុជា នៅក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ ព្រឹកថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍របស់ វិទ្យាស្ថានអាស៊ីកម្ពុជាបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១២ មកដល់ពេលនេះវិទ្យាស្ថានបានពង្រីកវិសាលភាពនៃកាបណ្ដុះបណ្ដាលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធ្វើទំនើបកម្មសម្ភារៈ ទន្ទឹមនោះវិទ្យាស្ថានក៏បានខិតខំសម្រេចនូវជោគជ័យជាច្រើននៅក្នុងប្រតិបត្តិការជាមួយគ្រឹះស្ថានសិក្សា និងស្ថាប័នដៃគូជាតិអន្តរជាតិជាច្រើន សំដៅធានាបាននូវនិរន្តរភាព កាទទួលស្គាល់នូវគុណភាពនៃការបណ្ដុះបណ្ដាល។

លោក ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យវិទ្យាស្ថានអាស៊ីកម្ពុជា ដែលបានខិតខំអប់រំបណ្ដុះបណ្ដាលដល់សិស្សនិស្សិត រហូតបានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រគ្រប់កម្រិតនៅថ្ងៃនេះ បន្តពីបានខិតខំសិក្សារៀនសូត្រអស់រយៈពេលជាច្រើនឆ្នាំ។

លោកបណ្ឌិត បានបន្តថា នេះគឺជាធនធានមួយប្រកប ដោយគុណភាពការចូលរួមក្នុងការអភិវឌ្ឍសង្គម បម្រើការងារនៅតាមក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងស្ថាប័ននានា ជាសហគ្រិន និងអាជីវកម្មធំៗជាច្រើនផ្សេងទៀត ទាំងនេះគឺជាកាបញ្ជាក់អំពីលទ្ធផលជោគជ័យ និងការរួមចំណែកយ៉ាងសំខាន់របស់វិទ្យាស្ថានជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកសាង និងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឈានទៅសម្រេចបានក្នុងគោលដៅ និងនយោបាយអភិវឌ្ឍន៍វិស័យអប់រំជាមូលដ្ឋាន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការរីកចម្រើនលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា។

ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍រីកចម្រើនលើគ្រប់វិស័យក្នុងប្រទេសជាតិ ជាពិសេសដើម្បីចូលរួមទ្រទ្រង់នូវនិរន្តរភាព កំណើនសេដ្ឋកិច្ច ការប្រកួតប្រជែង របស់កម្ពុជានៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ រាជរដ្ឋាភិបាលតែងតែបានកំណត់យកការអភិវឌ្ឍធនធានមនុស្ស ជាកត្តាអាទិភាពចាំបាច់ ដែលត្រូវយកចិត្តទុកដាក់បន្តកែទម្រង់ទៅមុខដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពជំនាញសម្រាប់ទីផ្សារការងារ ទាំងក្នុងវិស័យសាធារណៈ ឯកជន ជាពិសេសនៅក្នុង បរិការណ៍នៃបដិវត្តន៍វិស័យឧស្សាហកម្មទី៤ ដែលនឹងនាំមកនូវកាលានុវត្តភាពកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការបង្កើននូវមុខរបរ និងធុរកិច្ចថ្មីៗ ដែលមិនធ្លាប់មានពីមុនមក ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដោយសារប្រព័ន្ធផលិតកម្ម នៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចបែបនេះ ត្រូវការអន្តរាគមន៍តិចតួច ក្នុងប្រព័ន្ធដំណើរការ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ។

ទន្ទឹមនឹងកម្មវិធីកំណែទម្រង់អប់រំ របស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងអប់រំ រួមទាំងសិស្សនិស្សិតត្រូវតែយកចិត្តទុកដាក់អភិវឌ្ឍខ្លួនឯងបន្ថែមដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីការវិវត្ត រីកចម្រើននៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម័យបដិវត្តន៍ឧស្សាហកម្មទី៤នេះ។

លោកបណ្ឌិតបានផ្តាំផ្ញើថា យុវជនត្រូវសិក្សាស្វែងយល់ពីឱកាស ដែលខ្លួនមាន គឺឱកាសសិក្សារៀនសូត្រ និងរស់នៅក្នុងសុខសន្តិភាព ប៉ុន្តែយុវជនត្រូវតែបង្កើនសមត្ថភាព និងប្រកួតប្រជែងដើម្បីទទួលបានឱកាស និងប្រើប្រាស់ឱកាស ដែលខ្លួនមានឲ្យកាន់តែជោគជ័យ ដើម្បីគ្រប់គ្រងអនាគតយើង។ លើសពីនេះ ឱកាសយើងមានហើយ ចំណេះដឹងយើងមានហើយ ប៉ុន្តែយើងត្រូវមានសីលធម៌ គុណធម៌ ផ្នត់គំនិតនៅក្នុងខ្លួនដើម្បីគួបផ្សំជាមួយចំណេះដឹងដើម្បីផ្សាភ្ជាប់ការរីកចម្រើនរបស់សង្គម។

លោកបណ្ឌិតក៏បានជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស និស្សិត ដែលបានបញ្ចប់វិធីក្នុងការសិក្សា និងទទួលសញ្ញាបត្រនៅពេលនេះ ត្រូវចាប់យកឱកាស ចំណេះដឹងសមត្ថភាពពីការខិតខំព្យាយាមទៅប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីសម្រេចបាននូវជោគជ័យ និងក្លាយជាបញ្ញាវន្ត ដ៏មានសក្តានុពល ពិតណាស់មិនអាចខ្វះពីការលើកទឹកចិត្តពីក្រុមគ្រួសារនោះទេ ចាប់ពីពេលនេះទៅក្នុងនាមជាបញ្ញាវន្តម្នាក់ ត្រូវតែតបស្នងដល់ក្រុមគ្រួសារ និងសង្គម សូមបងប្អូនជួយគ្នាក្នុងនាមជាខ្មែរតែមួយ ដើម្បីអភិវឌ្ឍគ្រួសារ និងសង្គមជាតិ ហើយថ្ងៃនេះក៏ មិនមែនជាថ្ងៃបញ្ចប់ នៃដំណើរជីវិតដ៏វែងរបស់យើងគ្រប់ៗរូបនោះទេ៕ (SN-ម៉េងគាង)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង