ពលរដ្ឋប្តឹងមេធាវី អុប វីរៈ ទៅ ACU រឿងសូកប៉ាន់ ប៉ុន្តែលោកឆ្លើយតបថា ការប្តឹងនេះជារឿងមិនពិតទេ

(ភ្នំពេញ)៖ ទំនងជាពលរដ្ឋមានចម្ងល់ខ្លាំង និងចង់ឲ្យ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើកការស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានច្បាស់ ទើបពួកគាត់នាំគ្នាប្តឹងមេធាវីកម្មសិក្សាម្នាក់ ពាក់ព័ន្ធអំពើសូកប៉ាន់ចូលធ្វើមេធាវីតាមមាត្រា៣២។

យោងតាមពាក្យបណ្តឹង ដែលបែកធ្លាយចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ពលរដ្ឋ២នាក់ បានប្តឹងមេធាវីកម្មសិក្សា ឈ្មោះ អុប វីរៈ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសុំបើកការស៊ើបអង្កេត ពាក់ព័ន្ធរឿងរ៉ាវ សូកប៉ាន់គេចូលធ្វើមេធាវីតាមមាត្រា៣២។

ពាក្យបណ្តឹងបានរៀបរាប់ថា ស្ត្រីម្នាក់ឈ្មោះ ឡាច រ៉ាវុធ ដែលគេស្គាល់ថា ជាប្រពន្ធរបស់លោក អុប វីរៈ រស់នៅភូមិត្នោត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តែងតែដើរនិយាយ ប្រាប់អ្នកជិតខាងថា បើចង់ចូលធ្វើមេធាវី តាមមាត្រា ៣២ ប្តីគាត់អាចជួយបាន ដោយចំណាយត្រឹមតែ ៣ម៉ឺន ទៅ ៥ម៉ឺនដុល្លារ តែប៉ុណ្ណោះ ព្រោះប្តីរបស់ខ្លួនចូលធ្វើមេធាវី ចំណាយអស់តែ ២៥,០០០ ដុល្លារ។

ប្រជាពលរដ្ឋ បានស្នើសុំឲ្យឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ពាក់ព័ន្ធករណីនេះ ដើម្បីកុំបុគ្គលរូបនេះ ធ្វើអ្វីប៉ះពាល់ដល់ការអនុវត្តច្បាប់ និងជាពិសេសប៉ះពាល់ដល់កិត្តិយសមេធាវីល្អៗដទៃទៀត។

ពាក់ព័ន្ធករណីនេះ លោកមេធាវី អុប វីរៈ បានប្រាប់ Swift News តាម Telegram ថា «ព័ត៌មាននេះមិនពិតទេ គឺជាការតាក់តែងក្នុងគោលបំណងអាក្រក់ ដែលបំផ្លាញកិត្តិយស និងសេចក្កីថ្លៃថ្នូររបស់ខ្ញុំបាទទាំងស្រុង»។

ការលើកឡើងរបស់ក្រុមអ្នកច្បាប់បានកត់សម្គាល់ថា បន្ទាប់ពីឯកឧត្តម សួន វិសាល បានឡើងកាន់តំណែងជាប្រធាន គណៈមេធាវីកម្ពុជា ២អាណត្តិមកនេះ ចំនួនមេធាវីស្បថចូលតាមមាត្រា ៣២ ដោយពុំចាំបាច់ឆ្លងកាត់ការប្រលងជ្រើសរើសហាក់មានការកើនឡើង ជាងអាណត្តិរបស់ប្រធានមុនៗ ដែលកំណើនបែបនេះ គឺដើម្បីបំពេញតម្រូវការសេវាផ្លូវច្បាប់របស់ពលរដ្ឋ។

សូមជម្រាបជូនថា លោកមេធាវី អុប វីរៈ មានអត្តលេខ១៦៦៣T ជាមេធាវីកម្មសិក្សា បានស្បថចូលជាសមាជិកនៃគណៈមេធាវីកម្ពុជា តាមមាត្រា៣២ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ និងចាប់ផ្តើមធ្វើកម្មសិក្សានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨៕ (SN-ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង