ពិន័យ៨០ម៉ឺនរៀល ​និងឃាត់រថយន្តទុក ​ចំពោះអ្នកបើកបររថយន្តធំ​គ្មានបណ្ណបើកបរ​ និងគ្មានផ្លាក​​លេខ​​សម្គាល់​​

(ភ្នំពេញ)៖ ក្រុមការងារចម្រុះ រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន និងនរគបាលចរាចរណ៍ បានចាប់ផ្តើមត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយធ្វើការពិន័យអន្តរការ និង​កែតម្រូវលក្ខណៈបច្ចេកទេសយានយន្តចំពោះយានយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំង​ឡាយណា ដែលមិនបានបំពេញតាមលក្ខខណ្ឌតម្រូវដូចមានចែងក្នុងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន នៅតាមគោលដៅដើមទីក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩តទៅ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងនៅថ្ងៃទី១៦ ខែមិថុនានេះថា ក្រុមការងារកម្លាំងចំរុះដឹកនាំដោយឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជា​ប្រធានក្រុមការងារ ចុះត្រួតពិនិត្យការអនុវត្តរឹតបន្តឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងបណ្ណបើកបររបស់អ្នកបើកបររថយន្ត និងអ្នករថយន្តដឹកទំនិញចេញចូលកុងតឺន័របរិវេណកំពង់ផែស្វយ័តភ្នំពេញ។

បើតាមឯកឧត្តមនាយឧត្តមសេនីយ៍ ចំពោះអ្នកបើកបររថយន្តធន់ធំគ្មានបណ្ណបើកបរ នឹងត្រូវផាកពិន័យ៨០ម៉ឺនរៀល ទៅតាមអនុក្រឹត្យលេខ ៤៤ ស្តីពី “ការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក”។ ក្នុងករណីដែលអ្នកបើកបរធ្លាបពិន័យរួចម្តងហើយ តែនៅបន្តប្រព្រឹត្តបទល្មើសដដែលទៀត ក្នុងកំឡុងពេល ៦ខែ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ដោយឡែក ចំពោះយានយន្តដែលគ្មានស្លាកលេខសម្គាល់ត្រឹមត្រូវ នឹងត្រូវឃាត់ទុកបណ្តោះអាសន្ន រងចាំធ្វើស្លាកលេខរួចរាល់ទើបអនុញ្ញាតឲ្យធ្វើចរាចរណ៍លើដងផ្លូវបាន។ នេះបើតាមការឲ្យដឹងបន្ថែមពីឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ក្នុងរយៈពេលអនុវត្តត្រួតពិនិត្យម្ចាស់យានយន្តដឹកទំនិញធុនធ្ងន់ចេញ​-ចូល កំពង់ផែនៅប៉ុន្មានថ្ងៃនេះ គឺបានកត់សម្គាល់ឃើញថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបររថយន្តធុនធ្ងន់ បានចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពោលគឺក្នុងចំណោមរថយន្តដែលបានត្រួតពិនិត្យ ១០០គ្រឿង មានប្រមាណ ១០គ្រឿងប៉ុណ្ណោះ ដែលគ្មានបណ្ណបើកបរត្រឹមត្រូវ។

សូម​ជម្រាប​ថា តាមរបាយការណ៍នៅកម្ពុជាការចុះបញ្ជីឡានធំៗមានចំនួន ២៣ម៉ឺនគ្រឿង​ ប៉ុន្ដែ​អ្នក​ដែល​មាន​ប័ណ្ណ​បើកបរ​តាមច្បាប់​​មាន​ប្រហែល ៦០ភាគរយ ខណៈដែលអ្នក​បើកបរ​​គ្មាន​ប័ណ្ណ​ត្រឹមត្រូវ​ប្រមាណ​ ២៥​ភាគរយ​ ក្នុងនោះ ១០​ភាគរយ​ប្រើ​បណ្ណបើកបរ​ក្លែងក្លាយ​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង