Update៖ អគ្គិភ័យឆេះ​កន្លែង​ប្តូរ​ប្រេង​ម៉ូតូ​ និង​លាង​ម៉ូតូ​ទាំងស្រុង​ បណ្តាល​ឲ្យ​របួស​នគរបាល​២​នាក់​

(​ភ្នំពេញ)​៖​ កន្លែង​ប្តូរ​ប្រេងម៉ាស៊ីន​ម៉ូតូ​ នឹង​លាង​ម៉ូតូ​ មាន​យីហោ​ MR.5​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០​ កែង​នឹង​ផ្លូវ​លេខ​៣៨០​ ក្រុម​ទី​១​ ភូមិ​១​ សង្កាត់​ទួល​ទំពូង​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៩​។​

​មន្ត្រី​នគរបាល​ការិយាល័យ​បង្ការ​ ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​បានឲ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ លី​ ណា​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជា​អ្នកគ្រប់គ្រងកន្លែងនេះ។

​ក្នុង​ហេតុការណ៍​ខាងលើ​បណ្តាល​ឲ្យខូចខាត​ ឆេះ​កន្លែង​ប្តូរ​ប្រង​ម៉ាស៊ីន​ និង​លាង​ម៉ូតូ​ទំហំ​៨​ម៉ែត្រ​គុណ​១៤​ម៉ែត្រ​ ឆេះ​អស់ទាំង​ស្រុង​,​ ឆេះ​ម៉ូតូ​ SUZUKI​ VIVA​ ចំនួន​១​គ្រឿង​,​ ឆេះ​ម៉ាស៊ីនភ្លើង​ចំនួន​១​គ្រឿង​,​ ឆេះ​ម៉ាស៊ីន​លាង​ម៉ូតូ​ចំនួន​១​គ្រឿង​,​ ឆេះ​ប្រេងម៉ាស៊ីន​ចំនួន​៦​កេស​,​ ឆេះ​ធុង​កាហ្វេ​ចំនួន​១​ធុង​ រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​អស់ទាំង​ស្រុង​ ប៉ុន្តែពុំ​បាន​បណ្តោយ​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​។​

​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ខាងលើ​ បណ្តាល​ឲ្យរបួស​មន្ត្រី​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ចំនួន​២​នាក់ ​រួម​មាន៖ ទី​១-​ឈ្មោះ​ មាស​ ជេ​ស្តា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​,​ ទី​២-​ឈ្មោះ​ ន​ន់​ ញ៉ា​ញ់​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​។​

​មន្ត្រី​នគរបាល​ដដែល​បាន​បន្ត​ថា​ ក្នុង​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២៩​គ្រឿង​ ក្នុង​នោះ​មាន​រថយន្ត​ការិយាល័យ​អគ្គិភ័យ​ចំនួន​១៧​គ្រឿង​,​ រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​១​គ្រឿង​,​ រថយន្ត​ក្រសួងមហាផ្ទៃ​ចំនួន​២​គ្រឿង​,​ រថយន្ត​ក្រុមហ៊ុន​ OCIC​ ទីក្រុង​កោះ​ពេជ្រ​ ចំនួន​៣​គ្រឿង​,​ រថយន្ត​ក្រុមហ៊ុន​ OCIC​ ទីក្រុង​ជ្រោយចង្វារ​ចំនួន​៦​គ្រឿង​៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com