ក្រៅពីគម្រោងបន្លែ ផ្លែឈើ ​កម្ពុជានិង​ញ៉ូវេល​ហ្សេ​ឡង់​​​ ពង្រីក​​កិច្ចសហប្រតិបត្តិការ​​ថែម​ទៀត ​លើ​ការងារ​​ផលិតកម្ម​​សត្វ​​

(ភ្នំពេញ)៖ រដ្ឋាភិបាលញ៉ូវេលហ្សេឡង់ ដែលបានធ្វើការគាំទ្រតាមរយៈគម្រោងបច្ចេកទេស ការផ្តល់អាហា​រូបករណ៍ ជាពិសេសលើការលើកកម្ពស់គុណភាព និងបន្លែ និងផ្លែឈើសុវត្ថិភាព ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនឹងបន្ត ហើយក៏មានលទ្ធភាពក្នុងការពង្រឹង និងពង្រីកថែមមួយកម្រិតទៀតផងដែរ ជាពិសេសលើការងារផលិតកម្មសត្វ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​។

ក្នុងជំនួបវាងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ជាមួយឯកឧត្តម Tahamoana Macpherson ឯកអគ្គរដ្ឋ​ទូត​នៃប្រទេសញ៉ូវេលហ្សេឡង់ប្រចាំកម្ពុជា ថៃ និងឡាវ នៅថ្ងៃទី១៣ ខែមិថុនានេះ ភាគីទាំងពីរបានពិភាក្សាការងារ ក្នុងគោលបំណងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេស​ទាំងពីរ។

ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា ក្រៅពីគម្រោងបន្លែ ផ្លែឈើ ប្រទេសទាំងពីរ (កម្ពុជា-ញ៉ូវេល​ហ្សេឡង់) នឹងពង្រឹង និងពង្រីកថែមមួយកម្រិតទៀត ជាពិសេសលើការងារផលិតកម្មសត្វ ដើម្បី​ចូល​រួមជួយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

ក្នុងជំនួបនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនពីវឌ្ឍនភាពនៃការអនុវត្តគម្រោងដំណាំ​សាកវប្បកម្ម ដែលមានឈ្មោះថា “Cambodia Quality Horticulture Initiative” ដែលគម្រោងនេះផ្តោតជាសំខាន់ទៅលើការលើកកម្ពស់គុណភាព និងសុវត្ថិភាពបន្លែនិងផ្លែឈើ តាមរយៈការអនុវត្តកសិកម្មល្អ (Good Agricultural Practices, GAP) ក្នុងការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្ម និងតម្លៃបន្ថែម រួមជាមួយការកសាង សមត្ថភាព និងទំនាក់ទំនងទីផ្សារ ដែលភាគីញ៉ូវេលហ្សេឡង់មានបំណងពង្រីកសកម្មភាពថែមទៀត។

បើតាមឯកឧត្តម វេង សាខុន ថានឹងចុះពិនិត្យផ្ទាល់ពីគម្រោងនេះ នាថ្ងៃស្អែក ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា នៅខេត្តសៀមរាប។ ជាមួយគ្នានេះ ដើម្បីឲ្យគម្រោងទទួលបានជោគជ័យបន្ថែមទៀត ឯក​ឧត្តមបានណែនាំដល់ក្រុមការងាររៀបចំចងក្រងជាឯកសារ ដើម្បីធ្វើការផ្សព្វផ្សាយ និងបង្កើនការបណ្ដុះបណ្ដាលទាំងបច្ចេកទេស ជំនាញ និងការអនុវត្តដល់ប្រជាកសិករ ធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរបស់គាត់ឆ្លើយតបទៅនឹងបរិបទនៃកំណើនសេដ្ឋកិច្ច៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com