នៅព្រឹកស្អែក តុលាការនឹងកាត់ទោសលោក ផែង វណ្ណៈ ពាក់ព័ន្ធសំណុំរឿងដែលមេធាវីរបស់ សម្តេចតេជោ ប្តឹង

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ តុលាការនឹងបើកសវនាការកាត់ទោសលោក ផែង វណ្ណៈ តាមបណ្តឹងរបស់ឯកឧត្តម គី តិច មេធាវីរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រី។

សេចក្តីជូនដំណឹង បានបញ្ជាក់បន្ថែមថា សវនាការនៅព្រឹកស្អែកនេះ ដឹកនាំដោយលោកចៅក្រម លី សុខលេង និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ ដែលនឹងសាកសួរដេញដោលជនជាប់ចោទឈ្មោះ ផែង វណ្ណៈ លើបទចោទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តិ បទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

គួរកត់សម្គាល់ថា ខណៈដែលថ្ងៃកាត់ទោសខិតជិតមកដល់ លោក ផែង វណ្ណៈ បានសរសេរលិខិតមួយច្បាប់ គោរពផ្ញើជូនសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសុំទោស និងសារភាពទោសកំហុសព្រមទាំងសន្យាថា ឈប់ប្រព្រឹត្តអំពើបែបនោះតទៅទៀតហើយ។

គួររម្លឹកថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនលោក ផែង វណ្ណៈ កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានបណ្ដឹងរបស់ឯកឧត្តម គី តិច មេធាវីរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីសាកសួរតាមនីតិវិធី លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនលោក ផែង វណ្ណៈ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តិ បទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕ (SN- ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com