ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេទ័ពជើងគោកកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកកងទ័ពជាមួយសិង្ហបុរី

(សិង្ហបុរី)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសជាសមាជិកអាស៊ានតែមួយ ភាគីទាំងពីរត្រូវបន្តពង្រឹង និងការពង្រីកទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការល្អ លើការរក្សាសន្តិភាព ស្ថិរភាព ទាំងកំរិតទ្វេភាគី និងតំបន់។

ជំនួបរវាងមេទ័ពជើងគោកកម្ពុជា-សិង្ហបុរីបានធ្វើឡើងនៅសាធារណរដ្ឋសិង្ហបុរីដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃកងទ័ពនៃប្រទេសទាំងពីរ ដោយគណៈប្រតិភូកងទ័ពជើងគោកកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងភាគីសិង្ហបុរីដឹកនាំដោយ
ឧត្តមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ (Goh Si Hou) មេបញ្ជាការ កងទ័ពជើងគោក នៃសាធារណរដ្ឋសឹង្ហបុរី។

នៅក្នុងជំនួបរវាងមេទ័ពជើងគោកកម្ពុជា-សិង្ហបុរីបានធ្វើឡើងនៅសាធារណរដ្ឋសិង្ហបុរី ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃកងទ័ពនៃប្រទេសទាំងពីរនេះ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណកងទ័ពសិង្ហបុរី ដែលបានជួយកងទ័ពកម្ពុជាកន្លងមក។

ឧត្តមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋសឹង្ហបុរីបានលើកឡើងថា លោកពិតជាមានសេចក្តីរីករាយ ដែលបានទទួលស្វាគមន៍ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា ដែលនេះជាការបង្ហាញឱ្យឃើញពីទំនាក់ទំនងល្អរវាងកងទ័ព ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ឧត្តមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ ចាត់ទុកជំនួបនេះ ជាជំហានបន្តយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងគុណភាព និងសមត្ថភាពដល់កងទ័ពនៃប្រទេសទាំងពីរ ដើម្បីធានាឲ្យបានកិច្ចការពារសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង ជាពិសេសការពង្រឹងពង្រីកការរឹតចំណងសាមគ្គីភាព នឹងមិត្តភាពរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរ៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com