អនុសាសន៍សំខាន់ៗ ចំនួន ៧ចំណុច​របស់​សម្តេចតេជោ ហ៊ុន សែន ​ផ្តល់ដល់​អង្គ​សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី លើកទី១៦

(សៀមរាប)៖ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវ​អនុសាសន៍​ចំនួន ៧ចំណុច ដល់អង្គសន្និសីទ​កំពូលសារព័ត៌មាន​អាស៊ី លើកទី១៦ ស្ដីពីឌីជីថល ភាវូបនីយកម្ម ប្រព័ន្ធផ្សព្វផ្សាយផ្ដោតលើទីផ្សារ កំពុងអភិវឌ្ឍន៍ នាព្រឹកថ្ងៃ១២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅខេត្តសៀមរាប។

សម្តេចតេជោ បានបញ្ជាក់ដល់អង្គសន្និសីទនូវអនុសាសន៍ ៧ ចំណុច រួមមាន៖

១- ត្រូវរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍​ការអភិវឌ្ឍ បច្ចេកវិទ្យា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីទាញយក​អត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ និងការបង្កើតឡើងនូវកាលានុវត្តភាព​នៃបច្ចេកវិទ្យា​ឌីជីថល។

២- ត្រូវរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មាន ក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា​តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ។

៣- ត្រូវពង្រឹងការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការផ្សាយព័ត៌មានក្លែងបន្លំ គំនុំគុំកួន ការជេរប្រមាថ ការញុះញង់បញ្ឆេះកំហឹងដោយការស្ពប់ខ្ពើម រើសអើង បង្កជម្លោះរវាងជាតិសាសន៍ សាសនា ឬបំផ្លើសព័ត៌មានខុសពីការពិត ដែលបង្កើតឲ្យមានអសន្តិសុខសង្គម។

៤- ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយទំនាស់នៃការផ្សាយព័ត៌មាន ដែលបង្កឲ្យកើតមានភាពវឹកវរ និងប៉ះញល់ដល់ការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល។

៥- ត្រូវរួមគ្នាយកចិត្តទុកដាក់បង្កើនសមត្ថភាពយល់ដឹង ទាំងផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បី​ដើរ​ឲ្យទាន់តម្រូវការទីផ្សារ ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ និងការវិវត្ត​សភាពការណ៍​សកល​លោក។

៦- ត្រូវធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ក្លាយជាប្រព័ន្ធ ដែលមានភាពវ័យឆ្លាត និងឤចបត់បែន​ទៅតាម​ស្ថានភាពជាក់ស្តែង និងការវិវត្តន៍នៃបច្ចេកវិទ្យាទំនើប ដើម្បីប្រឈមនឹងការប្រកួតប្រជែង​ទីផ្សារក្នុងយុគសម័យ​ឌីជីថល។

៧- ត្រូវរួមគ្នាកសាងគោល​នយោបាយ​ក្របខណ្ឌយុទ្ធសា្រស្ត បទប្បញ្ញត្តិច្បាប់ សម្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បទ​ប្បញ្ញត្តិ​ស្តង់ដា​សុវត្ថិភាព ឌីជីថល ដែលជាកត្តាចាំបាច់ សម្រាប់ការគ្រប់​គ្រង សុវត្ថិភាពទិន្នន័យ ក្នុងការធ្វើពាណិជ្ជកម្ម ការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក និងសន្តិសុខ តាមប្រព័ន្ធ​អ៊ីនធឺណិត ដើម្បីប្រឆាំងនឹង​ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា។

សូមបញ្ជាក់ថា សន្និសីទ​កំពូល «​សារព័ត៌មាន​អាស៊ី​» លើក​ទី​១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ក្រោម​​ប្រធានបទ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​-​អភិវឌ្ឍន៍​ទីផ្សារ​»។

​សន្និសីទ​ថ្ងៃនេះ ​ក៏​ជជែក​ពិភាក្សា​ទៅ​បញ្ហា​ប្រឈម​របស់​ស្ថាប័ន​ព័ត៌មាន និង​វិស័យ​ព័ត៌មាន​ក្នុង​យុគ​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ និង​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​ជាមួយ​បណ្តាញ​សង្គម​នេះ នឹងមាន​អ្នកចូលរួម​ជា​ថ្នាក់ដឹកនាំ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល ស្ថាប័ន​សារព័ត៌មាន ព្រមទាំង​អ្នកសារ​ព័ត៌មាន​ជាតិ និង​អន្ត រ​ជាតិប្រមាណ​៥០០​នាក់ មកពី​បណ្ដាប្រទេស​ជាង​៤០ នៅក្នុង​តំបន់ និង​លើ​ពិភពលោក​។​

​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​នាំមុខ​មួយ​ក្នុង​វិស័យ​សោតទស្សន៍ ដែល​ផ្តល់​កាលានុវត្តភាព​ដល់​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន ប្រតិបត្តិ​ករ​សោតទស្សន៍ និង​បុគ្គលិក​បម្រើ​ការងារ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ថ្នាក់ដឹកនាំ​វិស័យ​ឧស្សាហកម្ម សកលវិទ្យា​ល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និង​អ្នកតាក់តែង​គោលនយោបាយ នៅ​ជុំវិញ​ពិភពលោក ដើម្បី​ជួបជុំ និង​ពិភាក្សា​អំពី​ការអភិវឌ្ឍ​គុណភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងអំឡុងពេល​នៃ​បដិវត្តន៍​បច្ចេកវិទ្យា​ទំនើប​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com