សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​ជា​ផ្លូវការ​នូវ​សន្និសីទ​កំពូល «​សារព័ត៌មាន​អាស៊ី​» លើក​ទី​១៦

(​សៀមរាប​)៖ នៅ​ម៉ោង ៩ ព្រឹក ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​ជា​ផ្លូវការ​នូវ​សន្និសីទ​កំពូល «​សារព័ត៌មាន​អាស៊ី​» លើក​ទី​១៦ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា ក្នុង​ខេត្តសៀមរាប​។​

​សន្និសីទ​កំពូល «​សារព័ត៌មាន​អាស៊ី​» លើក​ទី​១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ក្រោម​ប្រធានបទ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​-​អភិវឌ្ឍន៍​ទីផ្សារ​»​។​

​សន្និសីទ​ថ្ងៃនេះ នឹង​ជជែក​ពិភាក្សា​ទៅ​បញ្ហា​ប្រឈម​របស់​ស្ថាប័ន​ព័ត៌មាន និង​វិស័យ​ព័ត៌មាន​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ទំនើប​នេះ និង​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​ជាមួយ​បណ្តាញ​សង្គម​នេះ នឹងមាន​អ្នកចូលរួម​ជា​ថ្នាក់ដឹកនាំ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល ស្ថាប័ន​សារព័ត៌មាន ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្ត រ​ជាតិប្រមាណ ៥០០​នាក់ មកពី​បណ្ដា ប្រទេស​ជាង​៤០ នៅក្នុង​តំបន់ និង​លើ​ពិភពលោក​។​

​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​នាំមុខ​មួយ​ក្នុង​វិស័យ​សោតទស្សន៍ ដែល​ផ្តល់​កាលានុវត្តភាព​ដល់​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន ប្រតិបត្តិ​ករ​សោតទស្សន៍ និង​បុគ្គលិក​បម្រើ​ការងារ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ថ្នាក់ដឹកនាំ​វិស័យ​ឧស្សាហកម្ម សកលវិទ្យា​ល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និង​អ្នកតាក់តែង​គោលនយោបាយ នៅ​ជុំវិញ​ពិភពលោក ដើម្បី​ជួបជុំ និង​ពិភាក្សា​អំពី​ការអភិវឌ្ឍ​គុណភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងអំឡុងពេល​នៃ​បដិវត្តន៍​បច្ចេកវិទ្យា​ទំនើប​។​

​សូម​រម្លឹកថា ក្រសួង​ព័ត៌មាន បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ (AMS) នៅ​ខេត្តសៀមរាប ពីថ្ងៃ​ទី​១២-១៣ ខែមិថុនា ឆ្នាំ​២០១៩​។ មុន​កិច្ចប្រជុំ​កំពូល​នេះ ក្រសួង​ព័ត៌មាន ក៏បាន​រៀបចំ​សិក្ខាសាលា នៅ​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​ភាពជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច សម្រាប់​ការផ្សព្វផ្សាយ ( AIBD )​។​

​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ ដែល​កំពុង​ធ្វើ​នៅលើ​ទឹកដី​អង្គរ នា​ខេត្តសៀមរាប​នេះ ផ្តោតលើ​ប្រធានបទ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​-​អភិវឌ្ឍន៍​ទីផ្សារ​» ដោយមាន​គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចូលរួម​ប្រមាណ ៥០០​នាក់ មកពី​បណ្ដា​ប្រទេស​ជាង ៤០ នៅក្នុង​តំបន់ និង​ពិភពលោក មានដូចជា​៖ ថៃ ឡាវ​មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង សា​ម៉ៅ ជាដើម​។​

​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ ផ្តោតលើ​បញ្ហាសំខាន់ៗ ដូចជា​៖ ផលប៉ះពាល់​នៃ​វិស័យ​សារព័ត៌មាន ក្រោម​ឥទ្ធិពល​បដិវត្តន៍​ឧស្សាហកម្ម ជំនា​ន់ទី​៤ ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ការបង្កើត​កម្មវិធី​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​យុគសម័យ​ឌីជីថល និន្នាការ​នៃ​បច្ចេកវិទ្យា 4K ជាដើម​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើងថា ជា​កិត្តិយស និង​សេចក្តី​រីករាយ​ដ៏​អស្ចារ្យ​មួយ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ក្រសួង​ព័ត៌មាន ដែល​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ (AMS) នៅ​ខេត្តសៀមរាប ពីថ្ងៃ​ទី​១២-១៣ ខែមិថុនា ឆ្នាំ​២០១៩ និង​សិក្ខាសាលា​មុន​កិច្ចប្រជុំ​កំពូល​នេះ នៅ​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ ខែមិថុនា ក្នុង​ភាពជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច សម្រាប់​ការផ្សព្វផ្សាយ (AIBD) ដែលជា​ស្ថាប័ន​គួរ​ឲ្យ​ទុកចិត្ត និង​មានបទពិសោធន៍​ខ្ពស់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា សន្និសីទ​សារព័ត៌មាន​អាស៊ី គឺជា​ព្រឹត្តិការណ៍​នៃ​ការផ្សព្វផ្សាយ​អន្តរជាតិ ដែល​ឈានមុខ​គេ ដែល​ផ្តល់ឱកាស​ដល់​អ្នក​ផ្សាយ អ្នកអនុវត្ត​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នកដឹកនាំ​ឧស្សាហកម្ម អ្នកសិក្សា​ស្រាវជ្រាវ អ្នកជំនាញ និង​អ្នកបង្កើត​គោលនយោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ទូទាំង​ពិភពលោក បាន​ជួប និង​ពិភាក្សា​អំពី​របៀប​អភិវឌ្ឍន៍​គុណភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងអំឡុងពេល​នៃ​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​បដិវត្តន៍​បច្ចេកវិទ្យា​ជំនា​ន់ទី​៤​។​

​តាម​កម្មវិធី ដែល​បាន​គ្រោងទុក ក្នុងអំឡុងពេល​ចូលរួម​សន្និសីទ​កំពូល​នេះ គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ និង​អ្នកសារព័ត៌មាន នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​ទស្សនា​សារៈមន្ទីរ​សន្តិភាព​នៃ​សម្មភាព​កម្ចាត់មីន​រប​ស់​ស៊ីម៉ាក់ និង​ទស្សនា​ប្រាសាទអង្គរវត្ត ដើម្បី​ស្វែងយល់​ពី​កិច្ចខិតខំ​របស់​កម្ពុជា ក្នុងការ​បោសសំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​បន្សល់​ពី​សង្គ្រាម និង​មរតក​វប្បធម៌ ដែល​បន្សល់​ពី​បុព្វបុរស​ខ្មែរ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា នាពេល​បច្ចុប្បន្ន​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com