អ្នកភូមិក្នុងស្រុកស្រែអំបិលថា ល្បែងជល់មាន់ និងអាប៉ោងបើកលេង យូរមកហើយគ្មានការបង្ក្រាប

(កោះកុង)៖ សេចក្ដីរាយការណ៍មកថា សង្វៀនបញ្ជល់មាន់ និងវង់ល្បែងអាប៉ោង បានបើកលេងយូរមកហើយនៅក្នុងភូមិទឹកប៉ោង ឃុំបឹងព្រា ស្រុកស្រែអំបិល ខេត្តកោះកុង មិនមានអាជ្ញាធរ និងសមត្ថកិច្ចណាមួយបង្ក្រាបនៅឡើយ ខណៈថ្ងៃពិសេស គឺថ្ងៃសុក្រ និងសៅរ៍ មានមនុស្សគគ្រឹកគគ្រេងមកពីទីជិតឆ្ងាយសម្រុកចូលលេងមិនចាញ់កាស៊ីណូស្របច្បាប់នោះទេ។

អ្នកភូមិសុំមិនបញ្ចេញឈ្មោះថា បានប្រាប់ថា សកម្មភាពនេះកើតឡើងមិនមែនអាជ្ញាធរ ឬសមត្ថកិច្ចក្នុងមូលដ្ឋានមិនដឹងនោះទេ តែទំនងជាមានការឃុបឃិតបើកដៃ ព្រោះល្បីមកថា មានអធិការរងស្រុកម្នាក់ ជាអ្នកមើលផ្លូវ និងជួយការពារឲ្យផង ទើបមិនមានអ្នកបង្ក្រាប។

ទាក់ទងនឹងសកម្មភាពល្បែងស៊ីសងល្មើសច្បាប់នេះដែរស្នងការខេត្តកោះកុងលោក សំ ឃិតវៀន បានឲ្យអ្នកសារព័ត៌មានយើងដឹងថា លោកនឹងឲ្យលោកអធិការស្រុកស្រែអំបិល ស្រាវជ្រាវរឿងនេះ ប៉ុន្តែរហូតមកដល់ពេលនេះ មានរយៈពេលមួយសប្ដាហ៍ហើយ ចំណែកសកម្មភាពលេងនៅតែដដែល។

ចំណែកលោក ម៉ា ទី អធិការស្រុកស្រែអំបិល មិនអាចសុំការបញ្ជាក់បាននៅឡើយ ដោយលោកមិនទាន់តបសារសំណួរ ដែលបានផ្ញើជូន។

ទោះជាយ៉ាងនេះក្ដី ពលរដ្ឋសុំអោយអាជ្ញាធរ និងសមត្ថកិច្ច ពង្រឹងនូវតួនាទី របស់ខ្លួនអោយបានជាប់ជួន ម៉ឺងមាត់ ទំនួលខុសត្រូវដើម្បីសុខសុវត្ថិភាព សន្តិសុខ គ្មានអំពើហិង្សា ល្បែងស៊ីសងខុសច្បាប់ ចោរកម្ម តាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់រដ្ឋាភិបាល៕ (SN-តាយ៉ង)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com