សម្តេច តេជោ អរគុណប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលចូលរួមហូបនំបញ្ចុកជុំគ្នាលក្ខណៈជាមហាគ្រួសារខ្មែរ

(ភ្នំពេញ)៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ បានបង្ហោះសារ ភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹក នៅលើទំព័រ Facebook របស់សម្តេច ដើម្បីអរគុណប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមហូបនំបញ្ចុកជុំគ្នាលក្ខណៈជាមហាគ្រួសារខ្មែរ។

សម្តេត តេជោ បាន បង្ហោះសារយ៉ាងដូច្នេះថា «អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនទាំងនៅក្នុង និងក្រៅប្រទេស ដែលបានចូលរួមហូបនំបញ្ចុកជុំគ្នាលក្ខណៈជាមហាគ្រួសារខ្មែរប្រកបដោយទឹកមុខរីករាយ ជាមួយនឹងពាក្យសរសើរមិនដាច់ពីមាត់ថា “ឆ្ងាញ់”! ម្ហូបអ្វីក៏មិនឆ្ងាញ់ដល់ម្ហូបខ្មែរយើងដែរ!»

«ទោះបីខ្ញុំមិនបានចូលរួមហូបជាមួយបងប្អូនដោយផ្ទាល់ តែតាមរយៈរូបថត និងវីដេអូឃ្លីបដែលបានបង្ហោះលើផេកខ្ញុំ គឺបង្ហាញអោយឃើញច្បាស់ថា យើងរួមសាមគ្គី ស្រឡាញ់ជាតិសាសន៍ និងប្រទេសជាតិយើង ហើយនាំគ្នាលើកតម្កើងនំបញ្ចុកដែលជានំនៃអត្តសញ្ញាណរបស់ប្រទេសយើងផងដែរ»។

«សូមអោយស្មារតីនៃការស្រឡាញ់រួបរួមសាមគ្គីកើតមានឡើងកាន់តែច្រើន និងកាន់តែរឹងមាំស្ថិតស្ថេរជាអមតៈនៅក្នុងដួងចិត្តពលរដ្ឋគ្រប់ៗរូប»។

សូមជម្រាបជូនថា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យ ប្រជាពលរដ្ឋកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រៀបចំ និងចូលរួមពិធី ហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ ដើម្បីបង្ហាញអំពី សាមគ្គីជាតិខ្មែរដ៏រឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com