សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហុង​គ្រី​ និង​ចូលរួម​សន្និសីទ​កំពូល​លើក​ទី​៥​ ស្តី​ពី​ អន្តរ​សកម្មភាព​ និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​ នៅ​សាធារណរដ្ឋ​តាជី​គី​ស្ថាន​ ពី​ថ្ងៃ​ទី​ ១៣​ ដល់​ថ្ងៃ​ទី​ ១៥​ ខែមិថុនា​

(​ភ្នំពេញ)​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អមដំណើរ​ដោយ​ឯកឧត្ដម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​​អន្តរជាតិ​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ និង​សមាជិក​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្សេង​ទៀត​ នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហុង​គ្រី​ និង​ចូលរួម​សន្និសីទ​កំពូល​លើក​ទី​៥​ ស្តី​ពី​ អន្តរ​សកម្មភាព​ និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​ នៅ​សាធារណរដ្ឋ​តាជី​គី​ស្ថាន​ ពី​ថ្ងៃ​ទី​ ១៣​ ដល់​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៩​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានឱ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​ថា​ តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ នាយក​រដ្ឋមន្ត្រី​ វី​ក​ទ័​រ​ អ័​របា​ន​ (Viktor​ Orbán)​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហុង​គ្រី​ ពី​ថ្ងៃ​ទី​១៣​ ដល់​១៤​ ខែមិថុនា​ ឆ្នាំ​ ២០១៩​។​ ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នឹង​ជួប​សម្តែង​ការ​គួរសម​ដោយឡែក​ពី​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ហុង​គ្រី​ និង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​ហុង​គ្រី​ លើ​បញ្ហា​ជា​ច្រើន​សំដៅ​លើកកម្ពស់​ និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដែល​មាន​ស្រាប់​ ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​នៅ​លើ​វេទិកា​ពហុភាគី​នានា​។​
​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ឯកសារ​ពីរ​គឺ​៖​ កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​ កម្មវិធី​ផ្លាស់​ប្តូរ​វិស័យ​អប់រំ​ នឹង​ត្រូវ​ចុះហត្ថលេខា​។​

​តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ អ៊ី​ម៉ូ​ម៉ា​លី​ រ៉ា​ម៉ុ​ន​ (Emomali​ Rahmon)​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តាជី​គី​ស្ថាន​ និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​លើក​ទី​៥​ នៃ​សន្និសីទ​ស្តី​ពី​អន្តរ​សកម្មភាព​ និង​​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​ (5th​ CICA​ Summit)​ ពី​ឆ្នាំ​២០១៨​ ដល់​២០២០​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នឹង​អញ្ជើញ​ចូលរួម​ 5th​ CICA​ Summit​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ឌូ​ស្ហា​ន់​បេ​ សាធារណរដ្ឋ​តាជី​គី​ស្ថាន​ នៅ​ថ្ងៃ​ទី​ ១៥​ ខែមិថុនា​ ឆ្នាំ​ ២០១៩​។​

​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នឹង​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​មួយ​ដោយ​​ផ្តោត​លើ​បញ្ហា​គន្លឹះ​ជា​ច្រើន​ ដែល​ជា​ការ​ប្រឈម​រួម​របស់​តំបន់​អាស៊ី​ និង​ចែករំលែក​ទស្សនៈ​ស៊ីជម្រៅ​ថា​ អាស៊ី​នឹង​រួម​គ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ​ សេដ្ឋកិច្ច​ និង​នយោបាយ​ តាម​រយៈ​ការ​ពង្រឹង​ជំនឿ​ទំនុកចិត្ត​ និង​ទំនាក់ទំនង​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ CICA​ ។​

​ក្រៅពី​កិច្ចប្រជុំ​កំពូល​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នឹង​មាន​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ ជាមួយ​ឯកឧត្តម​ អ៊ី​ម៉ូ​ម៉ា​លី​ រ៉ា​ម៉ុ​ន​ ប្រធានាធិបតី​តាជី​គី​ស្ថាន​ និង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ចំនួន​ដែល​អញ្ជើញ​មក​ពី​ប្រទេស​សមាជិក​ផ្សេង​ទៀត​។​

CICA​ គឺជា​វេទិកា​ពហុភាគី​ដែល​មាន​វត្ថុបំណង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​
​រដ្ឋ​សមាជិក​របស់​ខ្លួន​ ក្នុង​វិស័យ​មួយ​ចំនួន​ដូច​ជា​ សន្តិភាព​ សន្តិសុខ​ និង​ស្ថិរភាព​នៅ​អាស៊ី​ និង​ពិភពលោក​ ទាំងមូល​។​ បច្ចុប្បន្ន​ សន្និសីទ​នេះ​ មាន​សមាជិក​អចិ​ន្រៃ្ត​យ៍​ចំនួន​ ២៦​ ប្រទេស​ ហើយ​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​២០១១​ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com