លិខិត​ប្រជាជន​៖ ការអំពាវនាវ​របស់សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ប្រជាជន​កម្ពុជា​ ជុំគ្នា​ទទួលទាន​នំ​បញ្ចុក​នេះ​គឺ​ពិតជា «​វិធី​ដ៏​ស័ក្តិ​សិទ្ធ​ដេញ​ខ្មោច​នយោបាយ ព្រាយ​នយោបាយ និង​អាប​នយោបាយ ឲ្យ​ចេញពី​អារម្មណ៍​ប្រជាជន​កម្ពុជា​»!

(​ភ្នំពេញ​)៖ ការជួប​ជុំគ្នា​ទទួល​នំ​បញ្ចុក​ទូទាំងប្រទេស ​នៅថ្ងៃនេះ ​បាន​ឆ្លុះបញ្ចាំង​ថា សម្តេច​តេ​ជោ ហ៊ុន សែន ជា​មេដឹកនាំ​ជាតិ​ដ៏​មាន​ឥទ្ធិពល​ នៅក្នុង​បេះដូង​ប្រជាជន​កម្ពុជា​។ នៅ​គ្រប់ភូមិ ឃុំ ស្រុក ខេត្ត ក្រុង រាជធានី តាម​ផ្ទះ តាម​រោងបុណ្យ កន្លែង​ពិធី​រៀបការ នៅតាម​ការិយាល័យ​ធ្វើការ តាម​រោងចក្រ តាម​ក្រុមហ៊ុន តាម​មណ្ឌល​អង្គការ វត្ត​អា​រ៉ា​ម គឺ​ប្រជាជន​កម្ពុជា​ចាស់​ក្មេង ស្រី​ប្រុស មន្ត្រីរាជការ ព្រះសង្ឃ យាយជី​តាជី សិល្បករ តារា​សម្តែង សិស្ស និស្សិត គ្រូបង្រៀន បុគ្គលិក​ពេទ្យ កម្មករ និយោជក បាននាំគ្នា​ទទួលទាន​នំ​បញ្ចុក​ខ្មែរ​យ៉ាង​សប្បាយរីករាយ​។

​ការជួបជុំ​ទទួលទាន​នំ​បញ្ចុក​ខ្មែរ​ នៅ​ទូទាំងប្រទេស ​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ គឺធ្វើឡើង​តាមរយៈ​ការអំពាវនាវ​របស់​មេ​ដឹកនាំ​ជាតិ សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​បង្កើន​ស្មារតី​សាមគ្គី​ជាតិ និង​លើកតម្កើង​តម្លៃ​ម្ហូបអាហារ​ដែលជា​អត្តសញ្ញាណ​របស់​ខ្មែរ​យើង​។ ការជួបជុំ​ទទួលទាន​នំ​បញ្ចុក​ខ្មែរ​នៅពេលនេះ ក៏​បង្ហាញ​អត្ថន័យ​ធំធេង​ទាំង​ចលនា​សេដ្ឋកិច្ចសង្គម បង្កើន​ស្មារតី​រួបរួមសាមគ្គី​ជាតិ ហើយ​លើសពីនេះ​គឺ​មនោសញ្ចេតនា​គោរព​ស្រឡាញ់​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ថ្នាក់ដឹកនាំ​ជាតិ​គឺ សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​ជ្រាលជ្រៅ​និង​ធំធេង ហើយ​ការគោរព​ស្រឡាញ់​នេះ​កើតមាន​គ្រប់​ស្រទាប់ គ្រប់​វ័យ នៃ​ប្រជាជន​កម្ពុជា​។​

​ទី​១- ការអំពាវនាវ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ប្រជាជន​កម្ពុជា​ជុំគ្នា​ទទួលទាន នំ​បញ្ចុក​នេះ គឺជា «​វិធី​ដ៏​ស័ក្តិ​សិទ្ធ​ដេញ​ខ្មោច​នយោបាយ ដេញ​ព្រាយ នយោបាយ និង​ដេញ​អាប​នយោបាយ​» ឲ្យ​ចេញពី​អារម្មណ៍​ប្រជាជន​កម្ពុជា កុំ​ឲ្យ​មានការ​ភិតភ័យ​បារម្ភ រើសអើង លាភ​ពណ៌ ឬ​កេងចំណេញ​នយោបាយ​ដោយសារ​ត្រឹមតែ​ការទទួល​ទាន​នំ​បញ្ចុក​នោះ​។ ពីថ្ងៃ​នេះ​ទៅ នំ​បញ្ចុក​ខ្មែរ មិនមែនជា​ចំណាប់ខ្មាំង​នយោបាយ​របស់​ពួក​ទុច្ចរិត​ណាមួយ​ទេ​។​

​ទី​២- រូបភាព​នៃ​ការ​ទទួលទាន​នំ​បញ្ចុក ហើយ​បង្ហោះ​តាម​បណ្តាញ​សង្គម និង Facebook អាច​ឲ្យ​អ្នកនយោបាយ​មានគំនិត​ទុច្ចរិត​យល់បាន​ថា​៖ កម្លាំង​ប្រជាជន​កម្ពុជា ដែល​ស្រឡាញ់​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺមាន​ច្រើន​ធំធេង​លើសលប់​។ អ្នកមាន​សេរីភាព​ធ្វើ​នយោបាយ តែ​នយោបាយ​ពិសពុល​បំបែកបំបាក់​សង្គមជាតិ គឺ​ពិតជា​អត់​តម្លៃ ទាប​ថោក និង​ទៅ​មិន​រួច​ទេ​។​

​ទី​៣- ការទទួល​ទាន​នំ​បញ្ចុក​នៅថ្ងៃនេះ ក៏បាន​ឲ្យ​យើង​នឹក​ឃើញថា កន្លងមក​ថ្មីៗ ពួក​ទុច្ចរិត បាន​អន្ទង​លួង​ប្រជាជន​កម្ពុជា​ឲ្យ «​ពាក់អាវ​ខ្មៅ នៅ​ថ្ងៃ​ច័ន្ទ​» ដើម្បី​ជាស​ញ្ញា​នៃ​ការបណ្តុះ​កម្លាំង​ធ្វើ​បដិវត្តន៍​ពណ៌​បំផ្លាញ​កម្ពុជា​។ វិធី​ជ្រុលនិយម ង​ងិ​ត​ងងុល​របស់​ពួកគេ​បាន​បរាជ័យ​និង​រលំរលាយ​បាត់ទៅហើយ​។ នំ​បញ្ចុក​ថ្ងៃនេះ នៅតែ​ជា​អាហារ​របស់​ខ្មែរ ជា​អត្តសញ្ញាណ​ខ្មែរ ហើយ មិនមែនជា​អាហារ​នយោបាយ​ដែល​ពួក​ទុច្ចរិត​នៅក្រៅ​ប្រទេស​បង្ក​ប់មនោគ​មន៍​វិជ្ជា ពង្វក់​ជាតិ​ឯង​ឲ្យ​ស្អប់​គ្នា​នោះទេ​។​

​ទី​៤- យើង​ទទួលស្គាល់ថា នៅក្នុង​សង្គម​ណា នៅ​ប្រទេស​ណា ក៏មាន​ពួក​ប្រឆាំង​ដែរ គឺមាន​ពួក​ផ្កាប់មុខ និង​ពួក​ប្រឆាំង​ដែលជា​ឧប្បករណ៍​បម្រើ​ផលប្រយោជន៍​បរទេស​។ ពួកនេះ ទោះបី​មាន​ជាតិ​ក្រោយ ក៏​គ្មាន​ថ្ងៃ​គេ​ដូរ​ចិត្ត​មក​រួបរួម​នោះទេ​។ នេះ​គឺជា​ឈាម​របស់គេ​ពី​កំណើត​។ ប៉ុន្តែ បើ​គេ​ព្រាត់ប្រាស់​ទៅណា ក៏​ជា​វាសនា​របស់គេ​ទៅ​ចុះ​។ ល្បិចកល​បំផ្លិចបំផ្លាញ​ជាតិ បំផ្លាញ​ការបោះឆ្នោត បំផ្លាញ​សេដ​កិច្ច​ជាតិ បំផ្លាញ​ជីវភាព​កម្មករ​-​កសិករ បំផ្លាញ​ស្មារតី​ប្រជាធិបតេយ្យ អំពើ​អាណា​ធិបតេយ្យ​មិន​គោរព​ច្បាប់ គឺ​ពួកគេ​បានធ្វើ​រួច​អស់ហើយ ហើយ​ក៏បាន​បរាជ័យ​ជា​បន្ត​បន្ទាប់មក​ដែរ​។ ដូច្នេះ ពួកគេ​ព្រាត់ប្រាស់​ទៅណា​កាន់តែ​ឆ្ងាយ គឺ​កាន់តែ​ល្អ​ចំពោះ​ជាតិ​និង​ប្រជាជន​។​

​ជាថ្មី​ម្តងទៀត ការជួបជុំ​របស់​ប្រជាជន​កម្ពុជា​ទទួលទាន​នំ​ប​ញ្ចុ​នៅ​ទូទាំងប្រទេស​នៅថ្ងៃនេះ បាន​ផ្ញើ​សារ​ដ៏​មានតម្លៃ​ធំធេង​ខ្លាំងណាស់​ថា​៖ «​ប្រជាជន​កម្ពុជា មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​មាគ៌ា​ដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​! ប្រជាជន​កម្ពុជា ស្រឡាញ់​សន្តិភាព ត្រូវការ​សន្តិភាព និង​ចង់​រស់នៅ​ក្រោម​ម្លប់​តេ​ជោ​សន្តិភាព​! ប្រជាជន​កម្ពុជា ចង់ឃើញ​ប្រទេសជាតិ​កាន់តែ​សម្បូរ​សប្បាយ រីកចម្រើន រុងរឿង​តទៅ​មុខ​»៕

​ដោយ​៖ សេនា​ជាតិ​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com