លោកជំទាវ យឹម ឆៃលីន ហ៊ុនម៉ានី៖ ទំពាំងល្អដើម្បីស្នងឫស្សី លុះត្រាកុមារមានសុខភាពល្អ និងមិនមានពិការភាព

(មណ្ឌលគិរី)៖ លោកជំទាវ យឹម ឆៃលីន ហ៊ុនម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានមានប្រសាសន៍ថា កុមារជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនរបស់ប្រទេសជាតិ ប៉ុន្តែដើម្បីឲ្យមានទំពាំងអាចស្នងឫស្សីឲ្យបានល្អនោះ លុះត្រាតែកុមារ ដែលកើតមកត្រូវមានសុខភាពល្អ និងមិនមានពិការភាព។

លោកជំទាវបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ ព្យាបាល និងវះកាត់ ដោយឥតគិតថ្លៃដល់កុមារា កុមារី ដែលមានជំងឺឆែបក្រអូមមាត់ ខ្លនលូន ខ្វេដៃជើង ដុំគីស រលាកដោយទឹកអាស៊ីត ជំងឺត្រចៀក ច្រមុះ បំពង់ក ពិការអវៈយវៈពីកំណើត និងជំងឺផ្សេងៗទៀត នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ។

កម្មវិធីនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងសម្ពន័្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកុមារជាតិនិងដោយមានការសម្របសម្រួលពីមន្ទីរសុខាភិបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគីរី អង្គការ Next Step និង អង្គការ Gecko Kinderhilfe។

ក្នុងបេសកកម្មវះកាត់ជូនដល់កុមារ ដែលមានជំងឺ ដូចរៀបរាប់ខាងលើនេះ លោកជំទាវ យឹម ឆៃលីន ហ៊ុនម៉ានី បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកជូនលោកឪពុក អ្នកម្តាយ ព្រមទាំងកុមារា កុមារី ទាំងអស់ ដែលមកទទួលសេវាពិនិត្យ ព្យាបាល និងវះកាត់ជំងឺនាថ្ងៃនេះ។

លោកជំទាវក៏បានលើកឡើងពីប្រវត្តិនៃការកកើតសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលជាគំនិតផ្តួចផ្តើមផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងលោកជំទាវផ្ទាល់ ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេស នៅតាមតំបន់ដាច់ស្រយាល និងនៅឆ្ងាយពីសេវាសុខាភិបាល។

សូមបញ្ជាក់ជូនថា នេះជាខេត្តទី១២ហើយ នៃកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកុមារជាតិ ក្រោមកិច្ចឧបត្ថម្ភគាំទ្រនៃអង្គការ Next Step និងអង្គការ Gecko Kinderhilfe ដែលបានផ្តល់សេវាពិនិត្យ ព្យាបាល និងវះកាត់កុមារា កុមារី បានចំនួន១៧០០ករណីរួចមកហើយ ដែលក្នុងនោះការវះកាត់បានសរុបចំនួន៥៦០ករណី។

ក្នុងឱកាសនេះ លោកជំទាវ ក៏បានចែកជូននូវវត្ថុអនុស្សាវរីយ៍ជូនដល់កុមារា កុមារី ដែលបានមកទទួលសេវានេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com