កម្ពុជា និងអឺរ៉ុបបន្តកិច្ចសន្ទនារួមគ្នា នៅក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បីរក្សា EBA

(ភ្នំពេញ)៖ លោក ហ្សង់ គ្រីស្តព្វ ប៊ែល្យែដ អគ្គលេខាធិការរង នៃមន្ទីរការបរទេសសហភាពអឺរ៉ុប និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​​ឯកភាព​គ្នាលើគោលការណ៍ធំ គឺភាគីទាំងពីរនឹងបន្តកិច្ចសន្ទនា ដើម្បីរកដំណោះស្រាយនៅក្នុងការរក្សា EBA ជូនកម្ពុជាបន្តទៀត។ នេះបើតាមឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស​។

បើតាមការស្រង់សម្ដីពីអ្នកនាំពាក្យក្រសួងការបរទេស ក្នុងជំនួបរវាងភាគីទាំងពីរនៅថ្ងៃទី០៦ ខែមិថុនា​​នេះ ការប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងកិច្ចសន្ទនារួមគ្នានេះ គឺនៅក្នុងស្មារតីគោរពគ្នាទៅវិញទៅមក។ តែយ៉ាងណា ឯកឧត្តមបញ្ជាក់ថា បញ្ហា EBA មិនមែនជាកម្មវត្ថុសម្រាប់កិច្ចពិភាក្សាក្នុងជំនួបលើកនេះទេ។

សូមបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ សហភាពអឺរ៉ុប បានប្រកាសចាប់ផ្ដើមនីតិវិធី ឈានទៅសម្រេច​ថា ផ្អាកជាបណ្ដោះអាសន្ន ឬមិនផ្អាក នូវប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ ឬ EBA ពីកម្ពុជា។ យ៉ាងណាក៏ដោយ ភាគីទាំងពីរនៅតែបន្តជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហានេះ ខណៈភាគីរាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចស្រេចចំពោះបញ្ហានេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com