JICA ​និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ​ចុះអនុស្សរណៈ​ស្តីពីភាព​ជាដៃគូយុទ្ធសាស្រ្ត​

(ភ្នំពេញ)៖ ឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោក Shige​nori OGAWA អគ្គនាយកនៃនាយកដ្ឋានអាស៊ីអាគ្នេយ៏ និងប៉ាស៊ីហ្វិករបស់ទីភ្នាក់ងារសហប្រតិ​បត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីភាពជាដៃគូយុទ្ធសាស្រ្ត នៅការិយាល័យកណ្តាល JICA ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ JICA ដែលផ្តល់ដោយមន្ត្រីការិយាល័យ JICA ប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែមិថុនានេះ។

សេចក្តីប្រកាសព័ត៌មានរបស់ JICA បានបញ្ជាក់ថា អនុស្សរណៈស្តីពីភាពជាដៃគូយុទ្ធសាស្រ្តត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកភាពជាដៃគូ រវាង JICA និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់ការអភិវឌ្ឍកំពង់ផែ និងភស្តុភាកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។

កំពង់ផែស្វយ័តក្រុងព្រះសីហនុគឺជាកំពុងផែសមុទ្រទឹកជ្រៅតែមួយគត់ក្នុងប្រទេសកម្ពុជា ហើយកំពង់​ផែ​នេះបានដើរតួជាមជ្ឈមណ្ឌលភស្តុភារកម្មសំខាន់ក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេស​កម្ពុជា​។ ចាប់​តាំងពីឆ្នាំ១៩៩៩មក JICAបានផ្តល់កម្ចីហិរញ្ញប្បទាន ហិរញ្ញប្បទានឥតសំណង កិច្ចសហប្រតិបត្តិការបច្ចេកទេស និងបន្តផ្តល់ការគាំទ្រនានាដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសមត្ថភាពកំពង់​ផែ។

ផ្អែកលើការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងក្លាយទៅ​ជា​មជ្ឈមណ្ឌលភស្តុភារកម្មក្នុងស្រុកនិងតំបន់យ៉ាងសំខាន់ ដែលក្នុងនោះចំនួនកុងតេន័រឆ្លងកាត់សរុប បានកើនឡើងពីចំនួន ២៩០ ០០០TEUs ក្នុងឆ្នាំ២០១៣ ដល់ ៥៤០ ០០០TEUs ក្នុងឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ វាមានសារៈសំខាន់ណាស់ក្នុងការធ្វើការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយការពង្រឹងបន្ថែមលើប្រតិបត្តិការនិងការគ្រប់គ្រងកំពង់ផែនិងតំបន់សេដ្ឋកិច្ចពិសេសក៏មានសារៈសំខាន់ផងដែរ។

ក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង ឯកឧត្តម Shinzo ABE នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ កន្លងមកនេះ ប្រទេសជប៉ុនបានប្តេជ្ញាបន្តផ្តល់ការគំាទ្រដល់ការអភិវឌ្ឍពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត ក្នុងនោះរួមមានទាំងការរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍកំពង់ផែផងដែរ។

ក្នុងន័យនេះ JICA នឹងបន្តកិច្ចសហប្រតិបត្តិការ តាមរយៈការផ្តល់កម្ចីហិរញ្ញប្បទានសម្រាប់គម្រោង “អភិវឌ្ឍចំណតកុងតេន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ” និងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោង “ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គីសនីនៅកំពង់ផែដើម្បីការធ្វើទំនើបកម្មកំពង់ផែ”។ មិនតែប៉ុណ្ណោះ​ JICA នឹងចូលរួមលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់អាស៊ាននិងតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក តាម​រយៈ​ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង