ជោគវាសនា EBA នឹងត្រូវសម្រេចចុងក្រោយ ពេលប្រតិភូអឺរ៉ុបមកកម្ពុជាជាថ្មី ក្នុងសប្តាហ៍នេះ
(ភ្នំពេញ)៖ ប្រតិភូសហភាពអឺរ៉ុប នឹងចុះមកបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មី ក្នុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី០៣ ខែមិថុនា រហូតដល់ថ្ងៃទី០៧ ខែមិថុនា ដើម្បីពិភាក្សាជាមួយភាគីកម្ពុជាពាក់ព័ន្ធនឹងប្រព័ន្ធ អនុគ្រោះពន្ធ «មុខទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ» ហៅកាត់ថា EBA។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក George Edgar បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយកាលពីចុងសប្តាហ៍នេះថា បេសកកម្មនេះ គឺប្រហាក់ប្រហែលទៅនឹងបេសកកម្មស្វែងរកការពិតដូចលើកមុនដែរ។ គោលបំណង គឺដើម្បីជួបជាមួយមន្ត្រីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រមូលព័ត៌មានស្តីអំពីស្ថានភាពលើកវិស័យការងារនាពេលបច្ចុប្បន្ន និងការគោរពរបស់កម្ពុជា ទៅនឹងកតិកាសញ្ញារបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មពិភពលោក ដែលទាំងនេះបង្កើតបានជាលក្ខខណ្ឌសម្រាប់ទទួលបានការអនុគ្រោះពន្ធ។
ជាការកត់សម្គាល់ បេសកកម្មលើកនេះ ទំនងជាបេសកកម្មចុងក្រោយហើយ ក្នុងការឆ្ពោះទៅរកការធ្វើសេចក្តីសម្រេចពីជោគវាសនា EBA នៅកម្ពុជា បន្ទាប់ពីកាលពីខែមីនាកន្លងទៅនេះ ប្រតិភូសហភាពអឺរ៉ុប បានចុះមកប្រមូលព័ត៌មាន និងស្វែងយល់ពីស្ថានការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងបរិបទនៃប្រព័ន្ធអនុគ្រោះពន្ធ EBA។
សូមជម្រាបជូនថា ដំណើរមកដល់ជាបន្តបន្ទាប់របស់គណៈប្រតិភូសហភាពអឺរ៉ុបមកកាន់កម្ពុជា ធ្វើឡើងក្រោយពីអឺរ៉ុបបានប្រកាសដាក់ចេញនូវដំណើរការនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជាកាលពីខែកុម្ភៈកន្លងទៅ។ ដើម្បីឈានទៅដល់ការសម្រេចជាផ្លូវការលើបញ្ហា EBA កម្ពុជា និងសហភាពអឺរ៉ុប មានរយៈពេល ១៨ខែ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីពិភាក្សាចរចា។
តាមនីតិវិធី ដំណើរការនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) ត្រូវធ្វើឡើងជា ៣ដំណាក់កាល។ ដំណាក់កាលទី១ មានរយៈពេល ៦ខែ គឺជាពេលវេលាសម្រាប់តាមដាន ប្រមូលព័ត៌មាន និងចរចាជាមួយ ភាគីរដ្ឋាភិបាលកម្ពុជា។ ដំណាក់កាលទី២ មានរយៈ៦ខែទៀត ដោយចែកចេញជាពីរផ្នែក គឺ ៣ខែ សម្រាប់សរសេររបាយការណ៍ និង ៣ខែទៀត សម្រាប់ស្តាប់ចម្លើយតបពីភាគីកម្ពុជា និងឈានទៅ សម្រេចថាតើសហភាពអឺរ៉ុប ត្រូវព្យួរ ឬមិនព្យួរ EBA។ ចំណែក ដំណាក់កាលចុងក្រោយ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរ EAB នោះ គេត្រូវទុកពេល ៦ខែទៀត ទើបសេចក្តីសម្រេចនេះចូលជា ធរមានបាន៕

