ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងបន្តផ្តល់ទឹកប្រាក់ជិត ១ពាន់លានដុល្លារដល់កម្ពុជា ដើម្បីពង្រឹងការអភិវឌ្ឍលើវិស័យជាច្រើន

(ភ្នំពេញ)៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន កម្ពុជា (AKP) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងផ្តល់ទឹកប្រាក់ចំនួន ៩២១,៥លានដុល្លារ ដល់កម្ពុជា តាមរយៈកម្មវិធី អភិវឌ្ឍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ ២០២០-២០២២ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍លើវិស័យជាច្រើននៅក្នុងប្រទេស។

ទឹកប្រាក់ដែលធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់ដល់កម្ពុជា ជិត ១ពាន់លានដុល្លារនេះ ត្រូវបានបែងចែកទៅតាមតម្រូវការអភិវឌ្ឍសំខាន់ដូចជា៖ ទឹកប្រាក់ ចំនួន ២៥០,៤ លាន ដុល្លារ សម្រាប់ អភិវឌ្ឍ វិស័យ កសិកម្ម ធនធានធម្មជាតិ និង អភិវឌ្ឍ ជនបទ ។ ទឹកប្រាក់ ១០០លានដុល្លារសម្រាប់ អភិវឌ្ឍ វិស័យ អប់រំ។ ចំណែក ទឹកប្រាក់ ១០០លានដុល្លារ ទៀតប្រើប្រាស់លើការអភិវឌ្ឍវិស័យ ថាមពល។ ដោយឡែក វិស័យដឹកជញ្ជូន និងគមនាគមន៍ ទទួលបានទឹកប្រាក់ចំនួន ៨០លានដុល្លារ ខណៈវិស័យ សាធារណៈ ទទួលបានទឹកប្រាក់ ១១០ លាន ដុល្លារ , វិស័យហិរញ្ញវត្ថុ ទទួលបាន ៨០ លានដុល្លារ និងវិស័យផ្គត់ផ្គង់ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសេវាកម្ម ទទួលបានទំហំទឹកប្រាក់ប្រមាណ ២៣០,២ លានដុល្លារ។

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សម្រេចផ្តល់ទឹកប្រាក់ជិត ១ពាន់លានដុល្លារ ធ្វើឡើង នៅក្នុងជំនួបរវាង ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Sunniya Durrani-Jamal តំណាង ADB ប្រចាំកម្ពុជា កាលពី ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ នៅក្នុងកិច្ចប្រជុំស្តីពី កម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (Country Operation Business Plan-COBP) ឆ្នាំ ២០២០-២០២២ ។

ការផ្តល់ប្រាក់ចំនួនជិត ១ពាន់លានដុល្លារ ដល់កម្ពុជានេះ គឺធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) មានបំណងជួយឱ្យកម្ពុជា អាចសម្រេចបាននូវគោលដៅកា្លយជាប្រទេស មានដែលចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ ១៩៩២ មកទល់នឹងពេលនេះ ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ប្រាក់សហប្រតិបត្តិការ ដល់កម្ពុជាសម្រាប់គម្រោងអភិវឌ្ឍលើវិស័យជាច្រើនក្នុងទំហំទឹកប្រាក់សរុប ៣,១៩៤ លានដុល្លារ ដែលរួមមានឥណទាន សម្បទានចំនួន ២,៧០៤ លានដុល្លារ និង ហិរញ្ញប្បទានឥតសំណងចំនួន ៤៩០ លានដុល្លារ៕(ឡុក សំរិត)


 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង