សមាជិក​-​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​កម្មវិធី​ហូប “​នំ​បញ្ចុក​សាមគ្គី​ជាតិ​” ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩

(​ភ្នំពេញ​)៖ «​សមាជិក​-​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​កម្មវិធី​ហូប “​នំ​បញ្ចុក​សាមគ្គី​ជាតិ​” ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩»​។ នេះ​ជាការ​ប្រកាស​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​កោះ​ពេជ្រ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា «​យើង​មិនមែន​យក​បន្លា ជួស​បន្លា​ទេ តែ​យក​ពូថៅ វាយបំបាក់​បន្លា​»​។

​ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ខាងលើនេះ បាន​ធ្វើឡើង​ក្រោយពី​អតីត​ថ្នាក់ដឹកនាំ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ឲ្យ​មានការ​ប្រមូលផ្តុំ នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ ញ៉ាំ​នំ​បញ្ចុក ហើយ​ស្រែក​ព្រម​គ្នា​ថា “​ញ៉ាំ​នំ​បញ្ចុក​សម្ល​ខ្មែរ អ្នកស្នេហាជាតិ​”​។

​សារ​នយោបាយ​របស់​អតីត​បក្សប្រឆាំង​នេះ ត្រូវបាន​រាជរដ្ឋាភិបាល ចាត់ទុកថា ធ្វើឡើង ក្នុង​គោលបំណង​និយាយ​ញុះញង់​បះបោរ​គាំទ្រ​ទណ្ឌិត សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

​តែ​យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​យ៉ាងច្បាស់ ណែនាំ​ឲ្យ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​ឲ្យ​សមាជិក​-​សមាជិកា និង​ប្រជាពលរដ្ឋ​ទាំងអស់ ហូប​នំ​បញ្ចុក សាមគ្គី​ជាតិ នា​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង