២​ថ្ងៃ រាជរដ្ឋាភិបាល ចំណាយ​ជាង ២៤​លាន​រៀល ដល់​ស្ត្រី​ទីទ័លក្រ ពិនិត្យ​ផ្ទៃពោះ សម្រាលកូន និង​ក្រោយ​សម្រាល​!

(​ភ្នំពេញ​)៖ រាជរដ្ឋាភិបាល បានចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម ដោយ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​ទីទាល់ក្រ ដែល​បាន​ពិនិត្យ​ផ្ទៃពោះ សម្រាលកូន​ឆ្លងទន្លេ និង​ពិនិត្យ​សុខភាព នៅក្រោយ​សំរាល ចាប់ពី​ថ្ងៃទី​១​មិថុនា ឆ្នាំ​២០១៩​។ ក្នុង​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០១ និង​ថ្ងៃទី​០២​មិថុនា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល បាន​ចំណាយ​សរុប ២៤ ៤៨០ ០០០ រៀល ជូន​ស្ត្រី​មក​ពិនិត្យ​ផ្ទៃពោះ សម្រាលកូន និង​មក​ពេទ្យ​នៅក្រោយ​សំរាលកូន​។​

​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ប្រមាណ ៣,១៦១ នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ដូច​ការប្រកាស​សន្យារ​បស់​សម្តេច ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា នៅមុន​ការបោះឆ្នោត កាលពី​ខែកក្កដា ឆ្នាំ​២០១៨ គឺ​កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩ យើង​បាន​អនុវត្ត​នូវ​គោលនយោបាយ​គាំពារ​សង្គម តាមរយៈ​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​ក្រីក្រ ចាប់តាំងពី​ពិនិត្យ​ផ្ទៃពោះ រហូតដល់​កើតកូន ហើយ​កូន​នោះ អាយុ ២​ឆ្នាំ​។ អីចឹង ក្នុង​រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​០១ និង​ថ្ងៃទី​០២ ខែមិថុនា គិត​ត្រឹម​ម៉ោង ៦​ល្ងាច មាន​ស្ត្រី​មក​ពិនិត្យ​ផ្ទៃពោះ ៦៣​ករណី ដែល​រាជរដ្ឋាភិបាល បាន​ចំណាយ ២ ៥២០ ០០០ រៀល ដោយ​គោលនយោបាយ​យើង មិន​ត្រឹមតែ​មិន​យកលុយ​ពេល​ស្ត្រី​មក​ពិនិត្យ​ផ្ទៃពោះ​ទេ តែ​យើង​ថែមទាំង​ជូន​លុយ​គាត់ ម្នាក់ៗ ៤​ម៉ឺន​រៀល​។ ការពិនិត្យ​ផ្ទៃពោះ ត្រូវធ្វើឡើង ៤​ដង​។ ចំណែក​ស្ត្រី​សម្រាលកូន រយៈពេល ២​ថ្ងៃ ( ថ្ងៃទី​០១-០២​មិថុនា ) មាន​ចំនួន ១០៦​នាក់ ដែល​យើង​ត្រូវ​ចំណាយ ២១ ២០០ ០០០ រៀល ដោយ​ក្នុងនោះ ស្ត្រី​ម្នាក់ ត្រូវ​ទទួល ២០​ម៉ឺន​រៀល​។ ចំណែក​ស្ត្រី​ក្រោយ​សម្រាល និង​មានកូន​អាយុ​ក្រោម ២​ឆ្នាំ គឺមាន ១៤​ករណី ដែល​យើង​ត្រូវ​ចំណាយ​ដល់​ទៅ ៧៦​ម៉ឺន​រៀល​។​

​សូម​រម្លឹកថា គោលនយោបាយ​ថ្មី ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ចេញ កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​ការផ្តល់​ការឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ រហូតដល់​កូន​អាយុ ២​ឆ្នាំ ដោយ​សរុប​ស្ត្រី​ម្នាក់ ទទួលបាន ៧៦ ម៉ឺន​រៀល​។​

​ការផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ មាន ៣ ដំណាក់កាល​៖
​លើក​ទី​១ ចាប់ពី​ស្ត្រី​មាន​ផ្ទៃពោះ រដ្ឋាភិបាល ត្រូវ​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​មក​ពិ​និត្យនៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ចំនួន ៤ ដង ដោយ​ក្នុង ១​ដង មាន​ចំនួន ៤ ម៉ឺន​រៀល ក្នុង​ម្នាក់ សរុប ១៦ ម៉ឺន​រៀល​។

​លើក​ទី​២ ពេល​សំរាលកូន រាជរដ្ឋាភិបាល ត្រូវ​ផ្តល់នូវ​ការឧបត្ថម្ភ ចំនួន ២០ ម៉ឺន​រៀល សម្រាប់​កូន​ម្នាក់​។

​លើក​ទី​៣ នៅពេល​ឆ្លងទន្លេ​រួច រហូតដល់​កូន​បាន​អាយុ ២​ឆ្នាំ គឺ​រាជរដ្ឋាភិបាល ត្រូវ​ឧបត្ថម្ភ​ចំនួន ១០ លើក​ទៀត ដោយ ១ លើក ចំនួន ៤ ម៉ឺន​រៀល សរុប ៤០ ម៉ឺន​រៀល​។ ដូច្នេះ​សរុប​ទាំង ៣ ដំណាក់កាល គឺមាន​ចំនួន ៧៦ ម៉ឺន​រៀល​។​

​យ៉ាងណាក៏ដោយ ក្នុង​ពិធី​ចែក​សញ្ញាបត្រ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​គូសបញ្ជាក់ថា ការអនុវត្ត​គោលនយោបាយ​ថ្មី ក្នុងការ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​ទីទ័លក្រ ចាប់ពី​មាន​ផ្ទៃពោះ រហូតដល់​កូន​អាយុ ២​ឆ្នាំ ដែល​បាន​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩ គឺ​ខុសពី​គោលនយោបាយ​ជួយ​ដល់​ស្ត្រី​កម្មករនិយោជិត​។ សម្រាប់​ស្ត្រី​កម្មករ សម្រាលកូន កាលពី​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ គឺមាន​ចំនួន ២០៥​នាក់ ដោយ​រដ្ឋាភិបាល​ត្រូវ​ចំណាយ ៨២​លាន​រៀល ដោយ​ម្នាក់ ទទួលបាន​ប្រាក់ឧបត្ថម្ភ ៤០​ម៉ឺន​រៀល​។​

​សម្តេច​បន្ថែមថា គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​២​មិថុនា ឆ្នាំ​២០១៩ មាន​ស្ត្រី​កម្មករ សម្រាល​កូន​ចំនួន ៣១៦១០ នាក់ ដោយ​គិត​ជា​កូន​មាន​ចំនួន ៣១៨១២ នាក់ ព្រោះ​មានកូន​ភ្លោះ​។ សរុប​ជា​ទឹកប្រាក់ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចំណាយ​សរុប​ចំនួន ១២ ៧២៤ ៨០០ ០០០ រៀល​។​

​សូម​រម្លឹកថា ចាប់តាំងពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល បាន​អនុវត្ត​នូវ​គោលនយោបាយ ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មការិនី​និយោជិត ក្នុង​វិស័យ​កាត់ដេរ និង​គ្រប់​វិស័យ ដែល​សម្រាលកូន ដោយ​កូន​ម្នាក់ ទទួលបាន​ប្រាក់ឧបត្ថម្ភ ៤០​ម៉ឺន​រៀល​។ រីឯ​មន្ត្រីរាជការ​ជា​ស្ត្រី ដែល​សម្រាលកូន ក៏​ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តល់ប្រាក់​ឧបត្ថម្ភ ចាប់តាំងពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៩ ដោយ​កូន​ម្នាក់ ទទួលបាន ៨០ ម៉ឺន​រៀល​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង