តុលាការចេញដីកាឃុំខ្លួនយុវជនដែល Hack គណនី Facebook របស់អ្នកដទៃដើម្បីឆបោកប្រាក់

(ភ្នំពេញ)៖ យុវជនម្នាក់ដែលមានជំនាញខាង ចូលកាន់កាប់ (Hack) គណនី Facebook របស់អ្នកដទៃ ដើម្បីជាមធ្យោបាយឆបោក ប្រាក់ ត្រូវតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។

ជនត្រូវចោទឈ្មោះ គ្រួច ស៊ីឆៃ ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវលោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនកាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញ ពីបទ ឆបោក និងបទ អំពើចូលទៅដល់ប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តិនៃទិន្នន័យ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចាប់ពីអំឡុងឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ យោងតាមមាត្រា ៣៧៧ មាត្រា ៣៧៨ និងមាត្រា ៤២៧ នៃក្រមព្រហ្មទណ្ឌ។

សូមរម្លឹកថា កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនត្រូវចោទឈ្មោះ គ្រួច ស៊ីឆៃ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ ១៨២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ម្ចាស់គណនី Facebook និងស្រាវជ្រាវរកឃើញថា ជនត្រូវចោទ បានលួចចូលកាន់កាប់គណនី Facebook របស់ជនរងគ្រោះបានប្រហែល ២០០គណនី និងបានប្រើប្រាស់ជាង ៥០ គណនី Facebook ទៅឆបោកប្រាក់បានសម្រេច៕(SN- ឡុក សំរិត)


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង