ជនសង្ស័យ ២នាក់ប្តីប្រពន្ធ ត្រូវនគរបាលចាប់ខ្លួន ពាក់ព័ន្ធករណី​រំលោភសម្លាប់ក្មេង ២នាក់​​ នៅខេត្តព្រះសីហនុ

(​ភ្នំពេញ​)៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួរ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ​កម្លាំង​ជំនាញ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​និង​អង្គការ​CPU បាន​ស្រាវ​ជ្រាវ​ឃាត់ខ្លួន ​ជនសង្ស័យ​ ២​នាក់​ប្តី​ប្រពន្ធ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​ក្មេង ​២​នាក់​ នៅ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ កាលពីពេល​ថ្មីៗ​កន្លងមក​។​

​លោក​ប្រធាន​នាយកដ្ឋាន​ បានឱ្យដឹង​បន្តថា​ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស្រុក​មេសាង ខេត្តព្រៃវែង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួរ បាន​បញ្ជាក់ថា​ក្នុងចំណោម​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាង​លើជន​ល្មើ​ស​ជា​ប្តី​ ចំណែក​ប្រពន្ធ ​អាច​មិនមាន​ការពាក់ព័ន្ធ​។ បច្ចុប្បន្ន​ ជនសង្ស័យ​ កំពុង​យកមក​ក្រសួងមហាផ្ទៃ និង​កសាង​សំណុំរឿង​ បញ្ជូនទៅ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​សូម​រំលឹកថា ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​បង្កឡើង​ដោយ​ជនល្មើស​ចាប់រំលោភ​កុមារី អាយុ​ជាង​១០​ឆ្នាំ បន្ទាប់មក​ធ្វើ​សកម្មភាព​សម្លាប់​ទាំង​កុមារី និង​កុមារ​ជា​ប្អូន​អាយុ​ប្រ​ហល​៣​ឆ្នាំ​ដែល​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ជាមួយគ្នា​។​

​ក្មេងប្រុស​ជា​ប្អូន​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ផ្ទះ ហើយ​ក្មេងស្រី​ជា​បង​ត្រូវបាន​ក្រុមគ្រួសារ​ព្យាយាម​ដឹក មក​សង្គ្រោះ​រហូតដល់​រាជធានី​ភ្នំពេញ តែ​មិនអាច​ជួយសង្គ្រោះ​ជីវិត និង​បាន​ស្លាប់បាត់​បង់ជីវិត​នៅលើ​រថយន្ត​វេលា​ម៉ោង ៨​យប់​ថ្ងៃ​ដដែល​នោះ​។ កុមារា​រងគ្រោះ​មានឈ្មោះ ផា សុខលី អាយុ​២​ឆ្នាំ និង​កុមារី​ជា​បង​មានឈ្មោះ ផា ស្រី​ល័​ក្ខ អាយុ​១០​ឆ្នាំ ៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង