មាន​អ្វី​នៅ​ពីក្រោយ​នៃ​ទំនាស់​ដីធ្លី​ចំណុច​បឹង​ប្រាំ​ដោះស្រាយ​មិន​ចប់​បានជា​ពលរដ្ឋ​ចោទប្រកាន់​​ផ្កាយ​១លោក​ ទន់​ ប៊ុ​ន​ធឿ​ន​ និង​មេឃុំ​បឹង​ប្រាំ​លោក​ ឈា​ នី​!

 

(​បាត់ដំបង​)៖​ អ្នកស្រី​ ថេ​ត​ ផា​រី​ ជា​ម្ចាស់​ដី​នៅ​ចំណុច​ ក្រពើ​សែសិប​ ស្ថិត​នៅ​ភូមិ​ក្រពើ​សែសិប​ ឃុំ​បឹង​ប្រាំ​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ បាន​ចោទប្រកាន់​ថា​មន្ត្រី​យោធា​ផ្កាយ​១​ លោក​ ទន់​ ប៊ុ​ន​ធឿ​ន​ និង​មេឃុំ​បឹង​ប្រាំ​លោក​ ឈា​ នី​ នៅ​ពីក្រោយ​រឿង​ទំនាស់​ដីធ្លី​ ដោយ​ឲ្យ​កូន​ប្តឹង​មិន​ឲ្យ​អ្នកស្រី​ធ្វើ​អ្វី​បាន​លើ​ដី​របស់​ខ្លួន​។​

​អ្នកស្រី​ ថេ​ត​ ផា​រី​ បាន​បន្ត​ថា​ ក្រោយ​ពី​សម្របសម្រួល​ជា​បន្តបន្ទាប់​ ជាមួយ​មន្ត្រី​យោធា​ផ្កាយ​១​ចប់​ សង្ឃឹមថា​ បាន​អាស្រ័យ​ផល​ ផ្ទុយ​ទៅ​វិញ​ខាង​អ្នកស្រី​ (​ថេ​ត​ ផា​រី​)​ ធ្វើ​អ្វី​មិនកើត​ ឯ​អ្នក​ទទួល​ការ​សម្របសម្រួល​ ចង់​ធ្វើ​អ្វី​ក៏​បាន​ បើ​មាន​បញ្ហា​អ្នកស្រី​ប្តឹង​ទៅ​អាជ្ញាធរ​ ឬ​សមត្ថកិច្ច​ មិន​ជួយ​អន្តរាគមន៍​ឲ្យ​ឡើយ​។​

​អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​ ដោយសារ​តែ​មាន​ដី​ធ្វើ​អ្វី​មិនកើត​ឈឺចាប់​ពេក​ និង​រង​ការ​លំបាក​ ប្តី​ក៏​ស្លាប់​ចោល​ កូន​ក៏​មិន​ស្គាល់​ម្តាយ​ បំណុល​ក៍​ច្រើន​ ក៏​សម្រេចចិត្ត​ស្នើ​ទៅ​ឯកឧត្តម​អភិបាលខេត្ត​បាត់ដំបង​ ដោយ​មានឈ្មោះ​ ធុ​យ​ វី​ ម្នាក់​ទៀត​ជា​តំណាង​ប្រជាពលរដ្ឋ​១២០​គ្រួសារ​ ស្នើ​សុំ​សាងសង​លំនៅ​ដ្ឋា​ន​ និង​គ្រឿងចក្រ​ដើម្បី​ឈូស​ឆាយដី​ ជូន​ប្រជាពលរដ្ឋ​១២០​គ្រួសារ​ និង​យោធិន​ពិការ​៣០​គ្រួសារ​ លើ​ផ្ទៃដី​១៧​ហិ​កតា​ តាម​សំណុំ​លិខិត​ដែល​បាន​ដោះស្រាយ​រួច​ដោយ​មាន​អាជ្ញាធរ​ឃុំ​ បោះត្រា​បញ្ជក់​។​

​ការ​ស្នើ​សុំ​នេះ​តាំងពី​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៩​ បន្ទាប់​ពី​លោកស្រី​ ថេ​ត​ ផា​រី​ គោរព​ជូន​អភិបាលខេត្ត​ប្តឹង​ឈ្មោះ​ ទន់​ ប៊ុ​ន​ ធឿ​ន​ មន្ត្រី​យោធា​ផ្កាយ​១​ និង​មេឃុំ​លោក​ ឈា​ នី​ យក​តួនាទី​រំលោភ​សិទ្ធ​ នៃ​កិច្ចព្រមព្រៀង​ដីធ្លី​ ជា​លក្ខណៈ​ប្រព័ន្ធ​ឈ្មោះ​ ទន់​ ប៊ុ​ន​ធឿ​ន​ និង​បក្ខពួក​របស់​ខ្លួន​ឈ្មោះ​ សូ​ សា​វ័​ន្ត​ និង​ឈ្មោះ​ សូ​ ស្រី​រ័​ត្ន​ លើ​ដី​ទំហំ​១៧​ហិ​កតា​ក្នុង​ទំហំ​ដី​៦៥​ហិ​កតា​ លើ​ក្បាល់ដី​លេខ​១២៦៣​ និង​សុំ​មោឃៈភាព​កិច្ចសន្យា​បញ្ជក់​ដីធ្លី​ទាំងអស់​ ជាមួយ​ឈ្មោះ​ ទន់​ ប៊ុ​ន​ធឿ​ន​ និង​ឈ្មោះ​ សូ​ ស្រី​រ័​ត្ន​ និង​សូម​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ ចុះ​វាសវែង​ និង​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ស្របច្បាប់​ឲ្យ​ឈ្មោះ​ ថេ​ត​ ផា​រី​ វិញ​។​

​តាម​ការ​ស្នើ​សុំ​ខាងលើ​លោកស្រី​ ថេ​ត​ ផា​រី​ និង​តំណាង​ពលរដ្ឋ​១២០​គ្រួសារ​ ម្នាក់​ទៀត​ឈ្មោះ​ ធុ​យ​ វី​ ឲ្យ​ប្រជាពលរដ្ឋ​១២០​គ្រួសារ​ ទៅ​សង់​លំនៅ​ដ្ឋា​ន​នៅ​លើ​ដី​១៧​ហិ​កតា​ កាលពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៩​ ក៏​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ប​វេ​ល​ និង​មេឃុំ​ នគរបាល​ប៉ុ​ស្ត៍​បឹង​ប្រាំ​ ទៅ​ហាមឃាត់​ដោយ​លើក​ឡើង​ថា​ ដី​នោះ​ជា​ដី​ទំនាស់​ ដោយ​កូន​របស់​លោកស្រី​ បាន​ប្តឹង​មក​អាជ្ញាធរ​ ឲ្យ​ជួយ​ទប់ស្កាត់​រហូត​នៅ​ ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៩​ ម៉ោង​១៤​រសៀល​។​

​អាជ្ញាធរ​ឃុំ​មាន​មេឃុំ​លោក​ ឈា​ នី​ បាន​កោះហៅ​លោកស្រី​ ថេ​ត​ ផា​រី​ និង​ឈ្មោះ​ ធុ​យ​ វី​ ប្រជុំ​នៅ​សាលាឃុំ​បឹង​ប្រាំ​ បាន​បើក​កិច្ចប្រជុំ​ សម្របសម្រួល​មួយ​ ក្រោម​អធិបតីភាព​លោក​ លួត​ សាលី​ អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​ប​វេ​ល​ និង​ជា​អនុប្រធាន​គណៈកម្មការ​ដោះស្រាយ​ សម្របសម្រួល​ វិវាទ​ថ្នាក់​ខេត្ត​ និង​មានការ​ចូលរួម​ពី​លោក​ អធិការ​នគរបាល​ស្រុក​ប​វេ​ល​ មេឃុំ​ ក្រុមប្រឹក្សា​ ភាគី​ទាំង​សងខាង​ និង​អ្នក​សារព័ត៌មាន​។​

​ក្នុង​កិច្ចប្រជុំ​ភាគី​អ្នកស្រី​ ថេ​ត​ ផា​រី​ ៖​ «​នាង​ខ្ញុំ​ស្នើ​សុំ​និរាករណ៍​គ្រប់​ឯកសារ​ ដែល​ពាក់ព័ន្ធ​បញ្ជាក់​ ឬ​ផ្ទេរ​ឲ្យ​ឈ្មោះ​ ទុន​ ប៊ុ​ន​ធឿ​ន​ និង​ផ្ទេរ​ឱ្យ​កូន​ទាំង​បួន​ទាំងអស់​ ហើយ​ដាក់​នាង​ខ្ញុំ​ជា​ម្ចាស់​កម្មសិទ្ធិ​តែ​ម្នាក់​គត់​»​។​
​ភាគី​ កូន​ទាំង​៤​ ៖​ «​ស្នើ​ឲ្យ​ភាគី​ ថេ​ត​ ផា​រី​ ត្រូវជា​ម្ដាយ​គាត់​ ចង់​សម្បទាន​បែងចែក​ដី​ឲ្យ​ ប្រជាពលរដ្ឋ​ផ្សេង​ ក៏​ចែក​ចុះ​ តែ​សុំ​ចែក​តែ​ដី​របស់​គាត់​បាន​ហើយ​ ដោយឡែក​ ដី​១១​ហិច​តា​ ជា​របស់​កូនស្រី​ សូ​ ស្រី​រ័​ត្ន​ ជា​កូន​ម្នាក់​ក្នុង​ចំណោម​កូន​ទាំង​៤​នាក់​ ដែល​បាន​ទទួល​ដី​នេះ​ពី​ឪពុក​ម្ដាយ​ និង​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ​។​

​ជាទី​បញ្ចប់​នៃ​កិច្ចប្រជុំ​លោក​ប្រធាន​អង្គប្រជុំ​អភិបាលស្រុក​ស្តីទី​បាន​មាន​មតិ​សរុប​ ដោយ​ស្នើ​ឲ្យ​ភាគី​ ថេ​ត​ ផា​រី​ បញ្ចប់​ការ​សាងសង់​ផ្ទះ​យ៉ាង​អនាធិបតេយ្យ​នេះ​ទៀត​ រង់ចាំ​ការ​សម្រេច​ពី​គណៈកម្មការ​ថ្នាក់​ខេត្ត​ ចាំ​បន្ត​តាម​ផ្លូវច្បាប់​ទៀត​ចុះ​។​ «​ដោយឡែក​ភាគី​ដែល​មិន​ពាក់ព័ន្ធ​កុំ​លូកដៃ​ ចៀសវាង​ចំណាត់ការ​ផ្លូវច្បាប់​»​។​

​ទោះបី​ភាគី​ទាំង​ពីរ​បាន​ឯកភាព​តាម​ការ​ប្រជុំ​មិន​ធ្វើ​សកម្មភាព​អ្វី​លើ​ដី​ស្រាប់តែ​អាជ្ញាធរ​ឃុំ​បាន​ចេញ​លិខិត​អ​ញ្ចើ​ញ​១៦​ច្បាប់​លើ​១៦​នាក់​នៅ​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៩​ ឲ្យ​ចូល​បំភ្លឺ​អំពី​ការ​បែងចែក​ដី​ នៅ​ចំ​ណុ​បឹង​ម្កាក់​ នៃ​ទីតាំង​ដី​ក្នុង​១៧​ហិ​កតា​តាម​ការ​កំណត់​ ឲ្យ​ចូល​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៨​ព្រឹក​ នៅ​សាលាឃុំ​បឹង​ប្រាំ​ ដែល​ធ្វើ​ឲ្យ​ខាង​អ្នកស្រី​ ថេ​ត​ ផា​រី​ ងើយ​ឆ្ងល់​រឿង​ដល់​ថ្នាក់​ខេត្ត​ បែរជា​ឃុំ​នៅ​តែ​បន្ត​ទោះបីជា​ពួក​គាត់​ឈប់​ធ្វើ​សកម្មភាព​ក៍ដោយ។

ដោយឡែកលោក​​ផ្កាយ​១​ ទន់​ ប៊ុ​ន​ធឿ​ន​ និង​មេឃុំ​បឹង​ប្រាំ​លោក​ ឈា​ នី​ Swift News នៅមិនអាចភ្ជាប់ទំនាក់ទំនង ដើម្បីសុំការបញ្ជាក់លើបញ្ហាខាងលើបាននៅឡើយទេ​៕​ (SN-​ពៅ​)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង