វិភាគៈ សង្គ្រាមបច្ចេកវិទ្យាចិន និងអាមេរិក ជាសង្គ្រាមត្រជាក់បែបថ្មីដែលកំពុងចាប់ផ្តើម

ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក បានផ្ទុះឡើងយ៉ាងក្រៅគគុក រហូតដល់អោយប៉ះពាល់ផ្នែកសេដ្ឋកិច្ចលើបណ្តាប្រទេសមួយចំនួននៅជុំវិញពិភពលោក ហើយសង្គ្រាមបច្ចេកវិទ្យាក៏កើតឡើងដំណាល់គ្នានេះដែរ ។

សង្គ្រាមបច្ចេកវិទ្យារវាងចិន និងអាមេរិក បានចាប់ផ្តើមឡើងនៅពេលដែលប្រធានាធិប តីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញក្រឹត្យហាមប្រាមមិនអោយក្រុមហ៊ុនទូរគមនាគមន៍អាមេរិក ប្រើប្រាស់បច្ចេកវិទ្យាជំនាន់ទី៥ 5G ក្រុមហ៊ុន Huawei ប្រទេសចិន ។

លោក ត្រាំ មិនត្រឹមតែចេញក្រឹត្យហាមប្រាមទេ ប្រធានាធិបតីរូបនេះក៏បានដាក់បញ្ចូលសាខាចំនួន៦៨របស់ក្រុមហ៊ុន Huawei ចិនទៅក្នុងបញ្ជីខ្មៅផងដែរ និងហាមមិនអោយក្រុមហ៊ុនផ្សេងទៀតរកស៊ីជាមួយក្រុមហ៊ុន Huawei ចិន ។

លោក ត្រាំ ក៏ហាមប្រាមផងដែរ មិនអោយក្រុមហ៊ុនអាមេរិកលក់ឧបករណ៍ផ្សំ ហាតវែ (Hardware) អោយទៅក្រុមហ៊ុន Huawei ចិន ក្នុងការផលិតទូរស័ព្ទដៃប្រភេទថ្មីនោះទេ ដែលការហាមប្រាមនេះបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុន Huawei ចិន ។

បម្រាម ឫទណ្ឌកម្មរបស់អាមេរិកនេះ បានរុញច្រានអោយក្រុមហ៊ុនមួយចំនួននៅជុំវិញពិភពលោក បានសម្រេចចិត្តដកខ្លួនចេញពីក្រុមហ៊ុន Huawei ចិន ដោយផ្អាកកិច្ចសហប្រតិប ត្តិការរបស់ខ្លួនជាមួយក្រុមហ៊ុន Huawei ចិន ។

ក្រុមហ៊ុន Google បានលែងផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យា Android អោយទៅក្រុមហ៊ុន Huawei ដែលតម្រូវអោយក្រុមហ៊ុននេះ អភិវឌ្ឍន៍បច្ចេកវិទ្យាផ្ទាល់ខ្លួន និងបង្កើតប្រព័ន្ធដំណើរការ Operating System ផ្ទាល់ខ្លួននៅពេលខាងមុខ ។

ក្រុមហ៊ុនមួយចំនួននៅជុំវិញពិភពលោក រួមទាំងក្រុមហ៊ុនអាមេរិកផងដែរ កំពុងគិតគូពី ការអនាគតរបស់ខ្លួន ថាតើត្រូវអនុវត្តតាមទណ្ឌកម្មអាមេរិកដោយឈប់រកស៊ីជាមួយក្រុមហ៊ុន Huawei ចិន ឫក៏ត្រូវបន្តរកស៊ីជាមួយក្រុមហ៊ុន Huawei ដោយផ្តាច់ចេញពីអាមេរិក ។

ក្រុមអ្នកជំនាញខាងនយោបាយអន្តរជាតិបានប៉ាន់ប្រមាណថា នៅពេលអនាគត ចិន និងអាមេរិក នឹងមានប្រព័ន្ធបច្ចេកវិទ្យាពីរដាច់ពីគ្នា គឺមួយប្រព័ន្ធបច្ចេកវិទ្យារបស់ចិន ដែលជាមហាអំណាចថ្មី និងមួយទៀតគឺប្រព័ន្ធបច្ចេកវិទ្យាអាមេរិក ដែលជាមហាអំណាចចាស់ ។

ចំណែកមនុស្សទូទៅនៅជុំវិញពិភពលោក ក៏នឹងជ្រើសរើសយកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសរបស់មហាអំណាចមួយក្នុងចំណោមពីរ គឺចិន និងអាមេរិកនេះដែរ គឺបើជ្រើសយកបច្ចេកវិទ្យាចិន មិនអាចប្រើប្រាស់បច្ចេកវិទ្យាអាមេរិកបានទេ ហើយបើជ្រើសរើសយកបច្ចេកវិទ្យាអាមេរិក ក៏មិនអាចប្រើប្រាស់បច្ចេកវិទ្យារបស់ចិនបានដែរ ។

ដល់ពេលនោះ រនាំងដែកដ៏រឹងមាំមួយប្រាកដជានឹងកើតឡើងដោយខ្លួនឯង ដែលជារនាំងដែកខណ្ឌចែកប្លុកចិន និងប្លុកអាមេរិកខាងផ្នែកបច្ចេកវិទ្យា គឺប្រទេសណា ឫក្រុមហ៊ុនណា ដែលប្រើប្រាស់បច្ចេកវិទ្យាចិន គឺគាំទ្រចិន ហើយប្រទេសណា ឫក្រុមហ៊ុនណា ដែលប្រើប្រាស់បច្ចេកវិទ្យាអាមេរិក គឺគាំទ្រអាមេរិក ដែលនេះជាសង្គ្រាមត្រជាក់ផ្នែកបច្ចេកវិទ្យាបែបថ្មី ដែលកាលពីមុន គឺប្លុកកុម្មុយនីស និងប្លុកសេរី និងមានរនាំដែកខណ្ឌចែកកុម្មុយនីស និងសេរីដែរ ។

មូលហេតុដែលនាំអោយមានសង្គ្រាមត្រជាក់ផ្នែកបច្ចេកវិទ្យាបែបថ្មីកើតឡើង រវាងចិន និងអាមេរិក គឺដោយសារការប្រជែងឥទ្ធិពលគ្នានៅលើពិភពលោក ដោយអាមេរិកជាមហាអំ ណាចចាស់ ហើយចិន គឺជាមហាអំណាចថ្មី ។

មហាអំណាចថ្មីចិន មានភាពរីកចម្រើនខាងឥទ្ធិពលកាន់តែលឿន បានធ្វើអោយមហា អំណាចចាស់អាមេរិក ព្រួយបារម្ភកាន់តែខ្លាំង ដោយខ្លាចបាត់បង់តំណែងជាមហាអំណាចនៅលើពិភពលោក ក្រោមស្នាដៃរបស់មហាអំណាចថ្មីចិន ។

មហាអំណាចថ្មី មានមហិច្ឆិតាចង់ផ្តួលរំលំមហាអំណាចចាស់ ដើម្បីត្រួតត្រាពិភពលោ កតែម្នាក់ឯង ខណៈដែលមហាអំណាចចាស់ប្រឹងប្រែងរកគ្រប់មធ្យោបាយដើម្បីជាន់ពន្លិចមហាអំណាចថ្មីមិនអោយងើបរួច ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង