អភិបាល​​ខេត្ត​​ព្រះវិហារ ​និង​ខេត្ត​ចំប៉ាសាក់​ ឯកភាពរួមគ្នា​​លើកំណត់ហេតុ លើកទី៨ ស្តីពី​ «កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​​​​នៃ​​ខេត្ត​​​ទាំង​ពីរ»​

(ព្រះវិហារ)៖ គណៈប្រតិភូជាន់ខ្ពស់ខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​ ដឹកនាំដោយឯកឧត្តម​បណ្ឌិត ប៊ុនថន ឌីវិសៃ អភិបាលខេត្ត​​ចំប៉ាសាក់ បានអញ្ជើញ​បំពេញ​ទស្សន​កិច្ច​ជាមិត្ត និងផ្លូវការ ដើម្បីចូលរួមកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការរវៀងខេត្តព្រះវិហារ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និង​ខេត្ត​ចំប៉ា​សាក់ នៃ​សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ​ ឯកភាពរួមគ្នា​លើ​​កំណត់​​ហេតុ​លើកទី៨ ស្តីពី «កិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យ​នៃ​ខេត្តទាំងពីរ»។

កិច្ចប្រជុំនេះ ធ្វើឡើងនៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ២០១៩​នេះ ដែលរៀបចំឡើង នៅសាលាខេត្ត​ព្រះវិហារ ក្រោមវត្តមាន​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្ត​ព្រះវិហារ និង​ឯកឧត្តម​បណ្ឌិត ប៊ុនថន ឌីវិសៃ អភិបាល​ខេត្ត​ចំប៉ាសាក់​ ព្រមទាំង​ថ្នាក់​ដឹកនាំ ក្នុងខេត្តជាច្រើនរូបទៀត​ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានលើកឡើងថា កិច្ចសហប្រតិបត្តិការ នាឱកាសនេះ កើតចេញពីប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក៏ដូចជាគោលនយោបាយដ៏ត្រឹមត្រូវ និងឆ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាំមកនូវសន្តិភាព និងកិច្ចសប្រតិបត្តិជាមួយប្រទេសជិតខាង ជាពិសេសរវាងខេត្តនៅតាមបណ្តោយព្រំដែន។

លើសពីនោះយោងតាមខ្លឹមសារនៃកំណត់ឯកភាពរួមគ្នា គឺពិតជាមានសារសំខាន់ នៃកិច្ចសហប្រតិ​បត្តិ​ការលើគ្រប់វិស័យ ដែលឆ្លុះបញ្ចាំង ការលើកកម្ពស់រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ទប់ស្កាត់បង្ក្រាបឧក្រិដ្ឋឆ្លងដែន ទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀនផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តទាំងពីរ បានឯកភាពរួមគ្នា លើកំណត់ហេតុលើកទី០៨ ដោយ​ផ្តោត​​សំខាន់​លើ​ទី១៖​ កិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់ តាមបណ្តោយព្រំដែន ការពង្រឹងកិច្ច​សហប្រតិបត្តិការ​ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការកាន់តែល្អប្រសើរបន្ថែមទៀត លើការងាររក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងបង្ការទប់ស្កាត់បង្រ្កាបឧក្រិដ្ឋកម្មឆ្លង​កាត់ព្រំដែន ទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀន និងទី២៖ កិច្ចសហប្រតិបត្តិការលើ​វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ការសហការរួមគ្នាលើវិស័យពាណិជ្ជកម្ម ធនធានទឹក កសិកម្ម ទេស​ចរណ៍ ​រ៉ែ និងថាមពល​ សាធារណការ និងដឹកជញ្ជូន វប្បធម៌ សុខាភិបាលផងដែរ៕ សួនពិសិដ្ឋ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង