អាជ្ញាធរចុះរុះរើ​ស្លាកយីហោ​អាជីវកម្មជនជាតិចិន​ ដែលខុស​អក្ខរាវិរុទ្ធ​ខ្មែរ​

(ព្រះសីហនុ)៖ នាពេលថ្មីៗនេះ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះរុះរើស្លាកយីហោអាជីវកម្មជនជាតិចិនចំនួនពីរទីតាំង ដែលកន្លែងទី១ គឺជាហាងលក់សម្លៀកបំពាក់ ឈ្មោះថា «ក្មេងស្រីជន​ជាតិ​ចិន» និងកន្លែងទី២ គឺជាហាងលក់ម្ហូបឈ្មោះថា «តូបលក់សាច់កម្ពុជា»។

ការចុះទម្លាក់ស្លាកយីហោអាជីវកម្មខាងលើ បានធ្វើឡើងបន្ទាប់ពីសាធារណជនបានធ្វើការរិះគន់ ចំពោះការប្រើប្រាស់អក្ខរាវិរុទ្ធខ្មែរមិនត្រឹមត្រូវ ពីសំណាក់ជនជាតិចិន ដែលជាម្ចាស់ទីតាំងអាជីវកម្មខាងលើ និងបានពិនិត្យឃើញថាហាងទាំងពីរនេះ ពុំបានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម ពីមន្ទីរពាណិជ្ជកម្មខេត្ត និងច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធផ្សេងទៀតឡើយ។

នៅក្នុងឱកាសនោះ ឯកឧត្តម វ៉េង សុធី បានណែនាំ និងពន្យល់ជនជាតិចិនម្ចាស់ហាង អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ​ព្រមទាំង​នីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្ម ឬ ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបានបន្ថែមថា «យើងបានប្រាប់គាត់ឱ្យបំពេញលក្ខខណ្ឌបីចំនុច ទី១ ត្រូវប្រើប្រាស់អក្ខរាវិរុទ្ធ​ឱ្យបានត្រឹមត្រូវ ចំពោះស្លាកយីហោជាភាសាខ្មែរ ទី២ ការលើកស្លាកយីហោ ត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬមន្ទីរពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ និងទី៣ ការដាក់ពាក្យសុំលើកស្លាកយីហោអាជីវកម្ម ត្រូវធ្វើតាមរយៈច្រកចេញចូលតែមួយ របស់សាលារាជធានី ឬខេត្ត»៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com