លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នៅខេត្តព្រះវិហារ

(ព្រះវិហារ)៖ លទ្ធផលបណ្តោះអាសន្ន និងសភាពការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៣ ដែលចាប់ដំណើរការពីម៉ោង ០៧ព្រឹក រហូត បញ្ចប់ជាស្ថាពរនូវការរាប់សន្លឹកឆ្នោត វេលាម៉ោង ១៤ និង០០នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។

ចំពោះលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ៖ អង្គបោះឆ្នោតដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ មានចំនួនសរុប ៣៣៣នាក់ ក្នុងនោះ អង្គបោះឆ្នោតបានមកបោះឆ្នោតសរុប ៣៣២នាក់,
មិនបានបោះឆ្នោត ០១នាក់ និងទទួលបានសន្លឹកឆ្នោតបានការសរុប ៣៣១សន្លឹក, សន្លឹកឆ្នោតមិនបានការសរុប ០១សន្លឹក។

សម្លេងគាំទ្រ គណបក្សប្រជាជនកម្ពុជាទទួលបាន ៣២៥សម្លេង, គណបក្សសញ្ជាតិកម្ពុជា គ្មានសម្លេង និងគណបក្សខ្មែររួបរួមជាតិ ០៦សម្លេង។ បើគិតជាចំនួនអាសនៈសរុបទាំងអស់ ១១២អាសនៈ ក្នុង​នោះ គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន ១១២អាសនៈ, គណបក្សសញ្ជាតិកម្ពុជា ពុំទទួលបានអាសនៈ និងគណបក្សខ្មែររួបរួមជាតិ ពុំទទួលបាន អាសនៈ។

សម្រាប់លទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាខេត្តព្រះវិហារ ៖ អង្គបោះឆ្នោតដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ មានចំនួនសរុប ៣៣៣នាក់ ក្នុងនោះ អង្គបោះឆ្នោតបានមកបោះឆ្នោតសរុប
៣៣២​នាក់ មិនបានបោះឆ្នោត ០១នាក់ និងទទួលបាន សន្លឹកឆ្នោតបានការសរុប ៣៣១សន្លឹក, សន្លឹកឆ្នោតមិនបានការសរុប ០១សន្លឹក។

សម្លេងគាំទ្រ គណបក្សប្រជាជនកម្ពុជាទទួលបាន ៣២៤សម្លេង, គណបក្សសញ្ជាតិកម្ពុជា​ គ្មានសម្លេង និងគណបក្សខ្មែររួបរួមជាតិ​ ០៧សម្លេង។ បើគិតជាចំនួនអាសនៈសរុបទាំងអស់ ១៩អាសនៈ ក្នុង​នោះ​គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន ១៩អាសនៈ គណបក្សសញ្ជាតិកម្ពុជា ពុំទទួលបានអាសនៈ និងគណបក្សខ្មែររួបរួមជាតិ ពុំទទួលបានអាសនៈ។

ដោយឡែក ចំពោះសភាពការណ៍ទូទៅវិញ គឺសន្តិសុខ សណ្តាប់ធ្នាប់ និងបរិយាកាសទូទៅជុំវិញដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបានបញ្ចប់ជាស្ថាពរដោយមានសភាពស្ងប់ស្ងាត់ល្អ៕

អត្ថបទដែលជាប់ទាក់ទង