គ​.​ជ​.​ប នឹង​សរុប​ព្រឹត្តិការណ៍​ទូទៅ នៃ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩

(​ភ្នំពេញ​)៖ គ​.​ជ​.​ប បានប្រកាសថា នៅ​ម៉ោង ៤ ល្ងាច ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​សាលសន្និសីទ​សារព័ត៌មាន ជាន់​ទី​១ នៃ​ទីស្តីការ គ​.​ជ​.​ប នៅ​វិថី​រដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ គ​.​ជ​.​ប នឹង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្តីពី សរុប​ប​ព្រឹត្តិការណ៍​ទូទៅ​នៃ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩​។​

​តាម​សេចក្តីប្រកាស ការផ្សព្វផ្សាយ​ខ្លឹមសារ​សង្ខេប ស្តីពី សរុប​ព្រឹត្តិការណ៍​ទូទៅ​នៃ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ និង​ការប្រមូល​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត ដើម្បី​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា និង​វិទ្យុជាតិ ដែល​នឹង​ធ្វើឡើង នៅ​រសៀល​ម៉ោង ៤ ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​គ​.​ជ​.​ប នឹងធ្វើ​ឡើង ក្រោម​អធិបតីភាព ឯកឧត្តម នុត សុខុម អនុប្រធាន គ​.​ជ​.​ប និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ​។​

​សូម​រម្លឹកថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ នឹងធ្វើ​ឡើង ចាប់ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៣ រសៀល ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩​។ ការបោះឆ្នោត​នេះ ជាការ​បោះឆ្នោត​អសកល ដែល​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​តំណែង សរុប​ចំនួន ១១៥៧២​នាក់ ជា​អ្នកបោះឆ្នោត​។​

​អាណត្តិ​ទី​១ បោះឆ្នោត​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០០៩៖
.​ឃុំ​សង្កាត់​មាន​ចំនួន ១៦២១ ឃុំ​សង្កាត់
.​ក្រុង​ស្រុក​ខណ្ឌ មាន​ចំនួន ១៥៣ ក្រុង​ស្រុក​ខណ្ឌ​
.​ខេត្ត​រាជធានី មាន​ចំនួន ២៤
.​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត មាន​ចំនួន ៣៧៤ នាក់
.​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ មាន​ចំនួន ២៨៦១ នាក់​
.​ចំនួន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ជា​អ្នកបោះឆ្នោត មាន​ចំនួន ១១៣៥៣ នាក់​

​អាណត្តិ​ទី​២ បោះឆ្នោត​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤៖
.​ចំនួន​ឃុំ​សង្កាត់ ១៦៣៣ ឃុំ​សង្កាត់
.​ចំនួន​ក្រុង​ស្រុក​ខណ្ឌ ១៩៧
.​ចំនួន​រាជធានី​ខេត្ត ២៥
.​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ៣៩៣ នាក់​
.​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ២៩៣១ នាក់​
.​ចំនួន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ១១៤៥៩ នាក់​

​អាណត្តិ​ទី​៣ បោះឆ្នោត​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩៖
.​ចំនួន​ឃុំ​សង្កាត់ ១៦៤៦
.​ចំនួន​រាជធានី​ខេត្ត ២៥
.​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ៥៥៩ នាក់​
.​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ៣៥៥៥ នាក់​
.​ចំនួន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ១១៥៧២ នាក់​

​នីតិវិធី​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ គឺជា​ការបោះឆ្នោត​សម្ងាត់ ដូចគ្នា​នឹង​ការបោះឆ្នោត​សកល ដែល​ប្រជាពលរដ្ឋ ជា​អ្នកបោះឆ្នោត​កន្លងមក​ដែរ​។ ប៉ុន្តែ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ គឺ​អ្នកបោះឆ្នោត ដែលជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ម្នាក់ ត្រូវ​គូស​លើ​សន្លឹកឆ្នោត ២​សន្លឹក គឺ​សន្លឹកឆ្នោត​មួយ ជាការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត និង​សន្លឹកឆ្នោត​មួយទៀត ជាការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ ហើយ​មាន​ហិប​ឆ្នោត ចំនួន ២ ដែរ គឺ​មួយ​សម្រាប់​ដាក់​សន្លឹកឆ្នោត​របស់​ក្រុមប្រឹក្សា​រាជធានី​ខេត្ត និង​ហិប​ឆ្នោត​មួយទៀត សម្រាប់​ដាក់​សន្លឹកឆ្នោត​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ​។​

​លទ្ធផល​បោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២ ឆ្នាំ​២០១៤៖
​ការបោះឆ្នោត​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២ កាលពី​ថ្ងៃអាទិត្យ ទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ដែល​គជប ចំណាយ​ថវិកា​ជាង ១,៧​លាន​ដុល្លារ សម្រាប់​រៀបចំ​ការបោះឆ្នោត​នោះ គឺមាន ៥ គណបក្សនយោបាយ ចូលរួម រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។​

​ជា​លទ្ធផល ការបោះឆ្នោត​កាលពី​អណ​ត្តិ​ទី​ពីរ នា​ឆ្នាំ​២០១៤ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង និង​អាសនៈ​ដ៏​ច្រើន​លើសលុប ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ឈរ​នៅ​លំដាប់​ទី​ពីរ និង​ហ្វ៊ុនស៊ិនប៉ិច ស្ថិតនៅ​លេខ​រៀង​បន្ទាប់​។​

​ក្នុងនោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​អាសនៈ​សរុប ៣០៦ ដោយ​ទទួលបាន​តំណែង​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ទាំង ២៥ រាជធានី​-​ខេត្ត ទូទាំងប្រទេស​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​កៅអី​សមាជិក​ចំនួន ៨៦ និង​ហ្វ៊ុនស៊ិនប៉ិច បាន ១​។​

​រីឯ​លទ្ធផល​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង អាណត្តិ​ទី​២ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​សរុប ២២៣៤ ដែល​ប្រធាន​ក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង មាន​ចំនួន ១៩៥​។ រី​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​តំណែង​ប្រធាន​ចំនួន ២ និង​សមាជិក ៦៧៧ នាក់ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាប់​សមាជិក​ចំនួន ១៧ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​សមាជិក ១​នាក់​។​

​ប៉ុន្តែ​ក្រោយ​តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រេចយក​អាសនៈ​សរុប​ទាំង ៧៦៥ (​ថ្នាក់​រាជធានី ខេត្ត ស្រុក ខណ្ឌ​) របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​បែងចែក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន ៧១៧ និង​ហ្វ៊ុនស៊ិនប៉ិច បាន ៤៨ អាសនៈ​បន្ថែមទៀត​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com