ឈ្មួញទុច្ចរិត ប្រើប្រជាពលរដ្ឋចូលកាប់ទន្ទ្រានដីរដ្ឋ នៅក្នុងខេត្តរតនគិរី យកធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួន

 

(រតនគិរី)៖ មន្ត្រីពាក់ព័ន្ធនៅក្នុងខេត្តរតនគិរី បានឲ្យដឹងថា ក្រុមឈ្មួញទុច្ចរិត ដោយសង្ស័យមានការឃុបឃិតជាមួយអាជ្ញាធរស្រុក បានប្រើប្រជាពលរដ្ឋឲ្យចូលទៅកាប់ទន្ទ្រានដីព្រៃ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ យកធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់។

ប្រភពជាច្រើនបានប្រាប់ Swift News​​​ ថា ការកាឃុបឃិតគ្នា​នេះ គឺធ្វើជាប្រព័ន្ធ​តែម្តងរវាងមន្ត្រីនៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី ជាមួយឈ្មួញទុច្ចរិត ដោយជួលប្រជាពលរដ្ឋចូលទៅកាប់ទន្ទ្រាន យកដីព្រៃមានទំហំរាប់រយហិកតា​
និងបំផុសឲ្យពលរដ្ឋ​ចូលរួមផ្តិតមេដៃ លេីឯកសារ​ផ្ទេកម្មសិទ្ធិផ្សេងៗ​ ដើម្បីបន្លំភ្នែកថា បានមកពីការទិញលក់។

កាឃុបឃិតគ្នា​ជាប្រព័ន្ធ​រវាងមន្ត្រីមូលដ្ឋាន​ និងឈ្មួញប្រមូលទិញដីរាប់រយហិកតា​ កំពុងតែ​ធ្វេីឲ្យមន្ត្រីស្រុកកូនមុំ មួយចំនួន​សប្បាយចិត្តយ៉ាងខ្លាំង​ ដែលទទួល​បានលុយ​រាប់មុឺនដុល្លារ​ ពីកា​រប្រមូលដីលក់ឲ្យឈ្មួញ​។

ប្រជាពលរដ្ឋ​មួយចំនួន​ ​បានបង្ហេីបប្រាប់ឲ្យដឹងថា​ ការកាប់ដីព្រៃរាប់រយហិកតា​នេះ គឺ​ដេីម្បីលក់ឲ្យឈ្មួញ បន្ទាប់ពីប្រជាពលរដ្ឋ​ចូលទៅកាប់ទន្ទ្រានដីរដ្ឋ​ ដីសហគមន៍​ ក្នុងមួយគ្រួសារ​១០ហិកតា ​ទៅ​១៥ហិកតា រួច​ធ្វេីប័ណ្ណកាន់កាប់​ និងប្រេីប្រាស់ដីធ្លី​។

ប្រជាពលរដ្ឋបានអះអាងថា ក្រោយមកក្រុមឈ្មួញ បានមកប្រមូលទិញដីខាងលេី​ ក្រោមលេសឲ្យពលរដ្ឋធ្វេីលិខិតផ្ទេរសិទ្ធិកាន់កាប់ ដែលមានមន្ត្រីក្នុងស្រុកកូនមុំ មួយចំនួនជាអ្នកជួយសម្របសម្រួលឯកសារ ដេីម្បីសំអាងថា​ ដីដែលខ្លួនកាប់ទន្ទ្រានទាំងនេះ​ គឺជាដីដែលប្រមូលទិញពី​ប្រជាពលរដ្ឋ​។​

ចំណែកប្រភពច្បាស់ការណ៍ បានបញ្ជាក់ថា មន្ត្រីទាំងនេះ​ គឺមានលោក​មេឃុំស្រែសង្គម,​ មន្ត្រីក្នុងសាលាស្រុកកូនមុំ និងលោក​ រស់​ វណ្ណា​ ​មេបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំតែម្តង។

លោក រស់ វណ្ណា មិនអាចទាក់ទងបានទេ ដើម្បីបកស្រាយអំពីករណីនេះទេ នៅថ្ងៃនេះ។

ប្រជាពលរដ្ឋ បានចោទសួរថា តើលោក​ សេក​ ហៃ អភិបាលស្រុកកូនមុំ​ ​បានដឹងពីមន្ត្រីរបស់ខ្លួនបន្លំយកដីរដ្ឋដែរឬទេ? ឬលោកក៏បានទទួល​លាភសក្ការៈនឹងគេដែរ​ បានជារក្សាភាស្ងៀមស្ងាត់បែបនេះ?

ទោះជាយ៉ាងនេះក្តី សកម្មភាពខុសច្បាប់ខាងលេីនេះ ត្រូវបានលាតត្រដាងការពិតអស់ហេីយ ថាតេីស្ថាប័ន​​ពាក់ព័ន្ធក្នុងខេត្តរតនគិរីគិតបែបណា ចំពោះមន្ត្រីខិលខូចសហការគ្នាលក់ដីរដ្ឋបែបនេះ? ៕ (ផា អាណាន់)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com