លិខិត​មិត្ត​អ្នកអាន​៖ សំរាម នៅ​ភ្នំពេញ ពាសវាល​ពាសកាល ដោយសារតែ​គ្មាន​ធុងសំរាម​គ្រប់គ្រាន់ ហើយ​សេវា​ប្រមូល​សំរាម​របស់​ស៊ីន​ទ្រី រខេករខាក​!!!

(​ភ្នំពេញ​)៖ មកដល់ពេលនេះ សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​តំបន់​មួយចំនួន នៅតែ​បន្តគរ ពាសវាល​ពាស​កាល ដោយសារតែ​គ្មាន​ធុងសំរាម​គ្រប់គ្រាន់ ហើយ​សេវា​ប្រមូល ដឹកជញ្ជូន​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ក៏​ហាក់​ដូចជា យឺតយ៉ាវ រខេករខាក មិន​ទៀងពេល និង​ដំណើរ​ការមិន​រៀងរាល់ថ្ងៃ​សោះ​។ កត្តា​ទាំងនេះហើយ នាំ​ឲ្យ​សំរាម​​នៅ​តំបន់​មួយចំនួន ពិសេស​នៅតាម​មូលដ្ឋាន​ផ្លូវលំ​តូចៗ នៅ​គរ​ស្អុយរលួយ​ពេញ​ផ្លូវ​។​

​មាន​កត្តា ៤​យ៉ាង ដែល​នាំ​ឲ្យ​សំរាម នៅ​បន្ត​ពាសវាល​ពាសកាល នៅ​តំបន់​មួយចំនួន នៅ​ភ្នំពេញ រួមមាន​៖ ទី​១- ធុងសំរាម មានតែ​តាម​សួន ហើយ​មិន​គ្រប់​ទេ​។ ទី​២- ធុង ត្រូវមាន​នៅតាម​ដងផ្លូវ​ទាំងអស់​ទូទាំង​ក្រុង ហើយ​មុខផ្ទះ​នីមួយៗ ក៏​ត្រូវមាន​ធុងសំរាម និង​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។ ទី​៣- ប្រជាជន មិន​ល្ងង់ រហូត​ចោល​សំរាម​ផ្តេសផ្តាស នៅក្រៅ​ធុង​នោះទេ បើ​មាន​ធុងសំរាម​គ្រប់គ្រាន់​។ បើ​ធុង​តិច គឺ​សំរាម ហៀរ​នៅក្បែរ​ធុង​ហើយ​។ តែបើ​មាន​ធុង​ច្រើន នោះ សូម្បីតែ​ក្នុង​ធុង ក៏​មិនសូវមាន​សំរាម​ដែរ​។ ទី​៤- បំបែក​ឲ្យ​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម​ច្រើន នោះ​នឹង​បង្កើន​ប្រសិទ្ធភាព​ប្រមូល ដឹកជញ្ជូន​សំរាម​។

​សព្វថ្ងៃនេះ នៅ​ភ្នំពេញ មានតែ​ក្រុមហ៊ុន​ស៊ីន​ទ្រី ដែល​ផ្តាច់មុខ​យកលុយ​លើ​ការប្រមូល និង​ដឹកជញ្ជូន​សំរាម​។ នៅ​រាជធានី​ភ្នំពេញ សព្វថ្ងៃ បាន​ពង្រីក​ទំហំ​ដែនដី ហើយ​ប្រជាជន ក៏​កាន់តែ​ច្រើនឡើងៗ មក​រស់នៅ និង​ធ្វើការ តែ​បែរជា​ក្រុមហ៊ុន​ស៊ីន​ទ្រី កើន​តែ​លុយ​ចំណូល​របស់ខ្លួន ដោយ​រាប់​ខ្នង​ផ្ទះ​យកលុយ ដែល​ភ្ជាប់​នឹង​វិក័យប័ត្រ​ភ្លើងអគ្គិសនី តែ​ក្រុមហ៊ុន មិន​បង្កើន​ចំនួន​ឡាន និង​មិន​បង្កើន​ចំនួន​បុគ្គលិក ដើម្បី​ឆ្លើយតប​នឹង​កំណើន​សំរាម​ឡើយ​។​

​រីឯ​អាជ្ញាធរ​សមត្ថកិច្ច​វិញ គឺ​បើ​នៅពេល​ដោះដូរ​ចៅហ្វាយក្រុង​ម្តងៗ តែងតែមាន​ព័ត៌មាន​ផ្សាយ ពី​ការសើរើ​ក្រុមហ៊ុន​ស៊ីន​ទ្រី​។ ប៉ុន្តែ​ក្រោយពី​ប្រកាស​ចង់​ពិនិត្យ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី ហើយ​ក៏មាន​កិច្ចប្រជុំ​ស្ងាត់ៗ ដោយ​គេ​មិនដឹងថា ក្រុមហ៊ុន​ស៊ីន​ទ្រី ដាក់​ថ្នាំ​អ្វី​ទេ បានជា​ចៅហ្វាយក្រុង ស្ងាត់​លែង​មាត់ ហើយ​បន្ត​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស៊ីន​ទ្រី កើប​សំរាម មិន​ដូច​កើប​លុយ ឲ្យ​ទៀងទាត់​សោះ​ទេ​។​

​មួយរយៈ​ចុងក្រោយ​នេះ គេ​ឃើញ​ព័ត៌មាន​ពី​អាជ្ញាធរ​ខណ្ឌ​នីមួយៗ នៅក្នុង​រាជធានី​ភ្នំពេញ សហការ​ជាមួយនឹង​ក្រុមហ៊ុន​ស៊ីន​ទ្រី ដើម្បី​គ្រប់គ្រង​លើ​សំរាម​។ ម្តងថា ក្រុង​ប្រគល់​ឲ្យ​ខណ្ឌ ជា​អ្នកទទួលខុសត្រូវ រឿង​សំរាម​នេះ​។ តែ​គេ​នៅតែ​ឃើញ​ក្រុមហ៊ុន​ស៊ីន​ទ្រី បន្តការងារ​ប្រមូល ដឹកជញ្ជូន​សំរាម ដោយ​រខេករខាក​ដដែល ជា​ដដែល​។​

​យ៉ាងណា​ក៏ដោយចុះ បញ្ហា​សំរាម គឺ​ត្រូវការ​ការចូល​រួមទាំង​អស់​គ្នា ទាំង​ប្រជាពលរដ្ឋ ទាំង​អាជ្ញាធរ និង​ទាំង​ក្រុម​ហ៊ុន​ស៊ីន​ទ្រី​។

​ប៉ុន្តែ​នៅពេល​ប្រជាពលរដ្ឋ មាន​ស្មារតី​ចូលរួម​វេច​ខ្ចប់​សំរាម ទុកដាក់​សំរាម​ត្រឹមត្រូវ ដោយ​ទិញ​ធុងសំរាម កញ្ឆេ​រ​ដាក់​​សំរាម​ហើយ​នោះ គឺ​អាជ្ញាធរ​សមត្ថកិច្ច ត្រូវ​ជំរុញ​ទៅកាន់​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីន​ទ្រី ឲ្យ​ចុះ​ដឹកជញ្ជូន​សំរាម​រៀងរាល់ថ្ងៃ ទៀងពេល​។ នោះ​សំរាម នឹងមិន​នៅ​រាយប៉ាយ ពាសវាល​ពាសកាល​ទៀត​ទេ​។ ម្យ៉ាង​ពេលនេះ ជា​រដូវភ្លៀង​ផង បើសិនជា​សំរាម អណ្តែត​ចូល​លូ នោះ​នាំ​ឲ្យ​កកស្ទះ ទឹក​លិច​ផ្លូវ លិច​ផ្ទះ​ជាមិនខាន​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com