កងកម្លាំងកម្ពុជាមិនរាថយឡើយ​ ​ដើម្បីសន្តិភាពនិងមនុស្សធម៌ក្នុងលោក​ ​ទោះបីបាត់បង់ជីវិត​ ​និងពិការជាច្រើននាក់

(ភ្នំពេញ​)៖​ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មានពិធីជូនដំណើរកងវិស្វកម្មព្រលានយន្តហោះលេខ៨៩១ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ២៣១ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការ​សហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។

នាយឧត្តមសេនីយ៍ ប៉ុលសារឿន អគ្គមេបញ្ជាការនៃកងយោធពលខេ មរភូមិន្ទ គូសបញ្ជាក់ថា អស់រយៈពេល១៣​ឆ្នាំមកហើយ ដែលកម្ពុជាបានចូលរួមបញ្ជូនកងកម្លាំងមួកខៀវរាប់ពាន់នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ ការរក្សាសន្តិភាពកំពុងជួបប្រទះនឹងបញ្ហាប្រឈមនានា ដោយតួអង្គមិនមែនរដ្ឋ បានបង្កសង្គ្រាមឧទ្ទាមវាយប្រហារមកលើកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា បណ្តាលឱ្យបាត់បង់ជីវិតនិងពិការជាច្រើននាក់។

ឯកឧត្តម​ បានកោតសរសើរដោយស្មោះនិងដឹងគុណយ៉ាងធំធេងចំពោះពលីកម្មរបស់កងកម្លាំងកម្ពុជា ដែលជាវីរបុរសថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ ឯកឧត្តម​បន្ថែម​ថា​៖​ ក៏ប៉ុន្តែ មរណភាពនិងពលិកម្មរបស់កម្លាំងយើង ពុំបានកែប្រែនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តរួមចំណែកដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនៃសន្តិភាពនេះឡើយ។

ជាក់ស្តែង ថ្ងៃនេះ កម្ពុជាបន្តបញ្ជូនកងកម្លាំងរបស់ខ្លួនចំនួនពីរកងទៅបំពេញបេសកកម្មនៅសាធារណរដ្ឋម៉ាលី ទោះបីការបំពេញបេសកកម្មនេះ អាចជួបប្រទះការរីករាលដាលនៃអំពើហិង្សានានា ប្រឈមនឹងអស្ថិរភាព ដែលបង្កដោយក្រុមជ្រុលនិយម ក្រុមជម្លោះប្រដាប់អាវុធ ឬក្រុមឧទ្ទាមជាដើម និងអាចជួបហានិភ័យនៃគ្រោះធម្មជាតិ ជំងឺឆ្លងផ្សេងៗ ដែលគំរាម កំហែងដល់សន្តិសុខ សុខភាព ការរស់នៅ និងការបំពេញការងារប្រចាំថ្ងៃរបស់បងប្អូនក៏ដោយ ប៉ុន្តែកងកម្លាំងយើងមិនរាថយ ពីព្រោះ វាជាបុព្វហេតុរួមដ៏ថ្លៃថ្លាបំផុតដើម្បីសន្តិភាព និងមនុស្សធម៌ក្នុងលោក។

ដើម្បីជាទុនបន្ថែមសម្រាប់បំពេញភារកិច្ច​ នាយឧត្តមសេនីយ៍ ប៉ុលសារឿន​ សូមផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង  និងពលទាហានទាំងអស់នៃកងទាំងពី ដែលត្រូវប្រកាន់យក៖ ត្រូវប្រកាន់ខ្ជាប់និងអនុវត្តឱ្យបានដាច់ខាតនូវអនុសាសន៍ ដែលជាបទបញ្ជា៤ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងពិធីសំណេះសំណាលជូនដំណើរកងអនុសេនាធំលេខ១៣៥ ចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ កន្លងទៅ។ គោរពវិន័យ ក្រមសីលធម៌ ច្បាប់ទម្លាប់ បទបញ្ជា និងស្វែងយល់ពីរបៀបរបបធ្វើការរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ។ រក្សាភាពថ្លៃថ្នូរនិងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ និងរបស់ប្រទេសជាតិ។  រៀនសូត្រដកពិសោធន៍បង្កើនចំណេះដឹង និងឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាព ស្រឡាញ់គ្នា និងជួយថែរក្សាគ្នាទៅវិញទៅមក សំដៅសម្រេចបានភារកិច្ច។ ខិតខំសិក្សារៀនសូត្រភាសាបរទេសបន្ថែម  ដើម្បីងាយស្រួលទំនាក់ទំនង ជាមួយសហការីសហប្រជាជាតិ និងប្រជាជននៃប្រទេសដែលយើងបោះទីតាំង។ សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ ពីស្ថានភាពភូមិសាស្ត្រ នយោបាយសង្គម ការប្រឈមទាំងឡាយនៃបេសកកម្ម យកចិត្តទុកដាក់ក្នុងការរៀបចំកម្លាំង និងប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់គ្រប់ប្រភេទ ដែលអាចកើតឡើងដោយការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនានា ដោយការវាយប្រហារ ពួនស្ទាក់ឬគ្រោះធម្មជាតិ និងគ្រោះថ្នាក់ដោយជំងឺឆ្លងនានា។ ទំនាក់ទំនងល្អជាមួយប្រទេស ជាមួយប្រជាជន គោរពទំនៀមទំលាប់ និងចេះជួយប្រជាជននៅទីកន្លែង ដែលកងកម្លាំងយើងបំពេញប្រតិបត្តិការ ដូចជា ជួយទំនុកបម្រុង ឧបត្ថម្ភ ចែករំលែកស្បៀងអាហារ ជួយសង្គ្រោះ ពិនិត្យព្យាបាល ជំងឺ និងការពារប្រជាជននៅទីនោះ។ នេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ គុណធម៌ ស័ក្ដិសមជាកងយោធពលខេមរភូមិន្ទ ដែលកើតចេញប្រជាជន ធ្វើអ្វីដើម្បីប្រជាជន៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង