ឱក​សុគន្ធ​កញ្ញា ចូល​រោងការ​ព្រឹក​ថ្ងៃទី​១៦​ឧសភា​នេះ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចូលរួម នៅ​សណ្ឋាគារ សុខា ភ្នំពេញ​

(​ភ្នំពេញ​)៖ ពិធីមង្គលការ​របស់​អ្នកចម្រៀង ឱក សុគន្ធ​កញ្ញា បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ នៅ​ជ្រោយចង្វារ ទល់មុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​។ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមទាំង​សម្តេច​ទៀ​បាញ់ និង​មន្ត្រីជាន់ខ្ពស់ ភ្ញៀវកិត្តិយស​ជាច្រើន បាន​អញ្ជើញ​ចូលរួម​ពិធី​ចូល​រោងការ​របស់​ស្ត្រី​អ្នកចម្រៀង​សម័យ​ដ៏​ល្បី ឱក សុគន្ធ​កញ្ញា នា​ព្រឹក​ថ្ងៃទី​១៦​ឧសភា​នេះ​។​

​កូន​ក​ម្លោះ គឺ​លោក អ៊ឹង សុខលី ដែលជា​ប្អូនប្រុស​បង្កើត​របស់លោក អ៊ឹង ឆៃ​ងួន ជា​ម្ចាស់​ផលិតកម្ម​ហង្ស​មាស ដែល​កញ្ញា ឱក សុគន្ធ​កញ្ញា កំពុង​ច្រៀង​ប្រចាំ​ផលិត​កម្មនេះ។

កើត​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​១៩៨៧ កញ្ញា ឱក សុគន្ធ​កញ្ញា បានបញ្ចប់មុខវិជ្ជារបាំបុរាណខ្មែរ នៅសាកល​វិទ្យាល័យ​​ភូមិន្ទ​វិចិត្រ​សិល្បៈ។ នាង បាន​ចូល​ច្រៀង​ដំបូង នៅ​ផលិតកម្ម រស្មី​ស្ទឹង​សង្កែ ចាប់ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៤​។ នៅ​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៨ ឱក សុគន្ធ​កញ្ញា បាន​ចូល​ច្រៀង នៅ​ផលិតកម្ម U2​។ នៅ​ឆ្នាំ​២០០៨ នាង​បាន​ចូល​ច្រៀង​នៅ​ផលិតកម្ម Sunday ហើយ​នៅ​ឆ្នាំ​២០០៨ ដដែល ឱក សុគន្ធ​កញ្ញា ជា​អ្នកចម្រៀង​ប្រចាំ​ផលិតកម្ម Rock Entertainment​។ នៅ​ឆ្នាំ​២០០៨ រហូតដល់​បច្ចុប្បន្ន ឱក សុគន្ធ​កញ្ញា បាន​ក្លាយជា​អ្នកចម្រៀង​លំដាប់​កំពូល ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស​៕​

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com