រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវឲ្យវិស័យ​ឯកជន​បោះទុន​វិនិយោគ​លើការ​កែច្នៃ​ វេចខ្ចប់កសិផល​

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានអំពាវនាវឲ្យវិស័យឯកជនដែលមានលទ្ធភាព ពិនិត្យនិងពិចារណាវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសលើការកែច្នៃ វេចខ្ចប់កសិផលថែមទៀត ដើម្បីរួមគ្នាកាត់បន្ថយការនាំចេញវត្ថុធាតុដើម ដែលនេះជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើនតម្លៃបន្ថែម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ។

ការអំពាវនាវរដ្ឋមន្ត្រីក្រសួងកសិកម្មនេះ ធ្វើឡើងក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកអំបូង​លឿងស្រស់របស់ក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ ឯ.ក ទៅកាន់ទីផ្សារប្រទេសចិន ដែលមានទីតាំងស្ថិតនៅស្រុកឈូក ខេត្តកំពត កាលពីចុងសប្តាហ៍កន្លងទៅនេះ។

របាយការណ៍លើកឡើងដោយលោកអគ្គនាយកក្រុមហ៊ុន ឧកញ៉ា ផែ ហុកឈួន បានឲ្យដឹងថា ដំណើរការរៀបចំចំការ​ចេកលើផ្ទៃដីសរុប១,០០០ហត ដែលត្រូវប្រើប្រាស់ទុនវិនិយោគជាង៣២លានដុល្លារ។ បច្ចុប្បន្ន ផ្ទៃដីជាង​៤០០​ហត កំពុងប្រមូលផល វេចខ្ចប់ និងដំណើរការនាំចេញដោយសង្ឃឹមថា ក្នុងឆ្នាំ២០១៩ ចេកស្រស់ប្រមាណជាង ២,២ម៉ឺនតោន នឹងត្រូវធ្វើការនាំចេញ ហើយឆ្នាំ២០២០ រំពឹងថាបរិមាណនេះនឹងកើនឡើងដល់ជាង ៣ម៉ឺនតោន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានស្រូបយកកំលាំងពលកម្មក្នុងស្រុកជាង៨០០នាក់ ហើយឆ្នាំ២០២០ ត្រូវការពលកម្មបន្ថែមជាង១០០០នាក់ទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com