កម្ពុជា ឈ្នះមេដាយការប្រកួត​ប៉ារ៉ាអត្តពលកម្មពិភពលោក ប៉េកាំង ហ្គ្រង់ព្រី ២០១៩

(ចិន)៖ កម្ពុជា បញ្ចប់ការប្រកួតប៉ារ៉ាអត្តពលកម្មពិភពលោក ប៉េកាំង ហ្គ្រង់ព្រី ២០១៩ (2019 World Para Athletics Grand Prix) ដោយឈរនៅចំណាត់​ថ្នាក់ទី១១ ក្រោយកីឡាការិនីពិការភ្នែកទាំងសងខាង យិន សូត ដណ្តើម​បានមេដាយប្រាក់ និង​មេដាយសំរឹទ្ធលើ​វិញ្ញាសាទីទៃពីគ្នា។

ក្នុងព្រឹត្តិការណ៍ ដែលដំណើរការ​ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា កន្លងមកនេះ កីឡាការិនីកម្ពុជារូបនេះ ដណ្តើមបានមេដាយប្រាក់​លើវិញ្ញាសាររត់ចំងាយ ៤០០ម៉ែត្រ(T11) ដោយប្រើថេរៈវេលា ១នាទី១៧វិនាទី ៣៦ ខណៈមេដាយមាស បានទៅកីឡាការិនីម្ចាស់ផ្ទះ​ចិន Liu Cuiqing។

ក្រៅពីនេះកីឡាការិនី យិន សូត នៅដណ្តើមបានមេដាយសំរឹទ្ធពីរទៀតលើវិញ្ញាសារត់១០០ម៉ែត្រ (T11) និង២០០ម៉ែត្រ (T11)។

ចិនឈរនៅចំណាត់ថ្នាក់ទី១ក្នុងតារាងមេដាយ ក្រោយឈ្នះមេដាយមាស១១៤គ្រឿង ប្រាក់៦០គ្រឿង និងសំរឹទ្ធ២០គ្រឿង ចំនែកជប៉ុនឈរនៅចំណាត់ថ្នាក់ទី២។

ការប្រកួតប៉ារ៉ាអត្តពលកម្មពិភពលោកប៉េកង់ហ្គ្រង់ព្រី ជាការប្រកួតបែបស៊េរីមួយក្នុងចំណោម៩ស៊េរីដែលត្រូវរៀបចំជុំវិញពិភពលោករវាងខែកុម្ភៈ និងសីហា មុនការប្រកួតប៉ារ៉ាអត្តពលកម្មជើងឯកពិភពលោក ខែវិច្ឆិកានៅឌុយបៃ អារ៉ាប់រួម។ ក្រោយការប្រកួតនៅចិននេះ ស៊េរីបន្ទាប់ធ្វើនៅសហរដ្ឋអាមេរិក មុនទៅដល់ស្វីសចុងខែនេះ និងបន្តទៅអ៊ីតាលី និងទុយណេស៊ីខែមិថុនា ខណៈពីរស៊េរីចុងក្រោយធ្វើនៅប៉ូឡូញ និងបារាំង។ ពីរប្រកួតដំបូងដែលបញ្ចប់ហើយនេះធ្វើនៅឌុយបៃ អារ៉ាប់រួម និងប្រេស៊ីល។

ព្រឹត្តិការណ៍នេះជាការធ្វើតេស្តសមត្ថភាពអត្តពលិកត្រៀមប្រកួតជម្រុះជើងឯកពិភពលោក២០១៩នៅអារ៉ាប់រួម និងអូឡាំពិករដូវក្តៅ២០២០នៅទីក្រុងតូក្យូប្រទេសជប៉ុន៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com