មុនសម្រេចទិញផ្ទះ​ ឬដីឡូត៍​ ត្រូវដឹងព័ត៌មាន​សំខាន់ៗ​ទាំង​នេះសិន​ ជៀស​វាង​ហានិភ័យ​

(ភ្នំពេញ)៖ ដើម្បី​ជៀស​វាង​ការ​ចាញ់​បោក​ជន​ខិល​ខូច​មួយ​ចំនួន​​ទាក់ទង​នឹង​ការ​ទិញ​-លក់​អចលន​ទ្រព្យ (ដីឡូត៍និង​ផ្ទះ​)​ សាធារណ​ជន​គួរ​យល់​ដឹង​ពី​ចំណុចសំខាន់​​​មួយចំនួនមុន​នឹង​សម្រេច​ចិត្ត​ទិញ​។

សេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីព័ត៌មានសំខាន់ៗមួយចំនួន ដល់សាធារណជនឲ្យដឹងថា សម្រាប់ការទិញដីឡូតិ៍ អ្នក​ទិញ​ត្រូវ​ដឹង​ព័ត៌មាន​​មួយ​ចំនួន​ដូចជា ឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនប័ត្រ​សម្គាល់ម្ចាស់អចលនទ្រព្យ (តើជារបស់អ្នកអភិវឌ្ឍ គម្រោងពុះដីឡូតិ៍លក់ ឬជារបស់អ្នកផ្សេង), វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលឱទ្រព្យ (មានជាប់បន្ទុកឬអត់), លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច (ដូចមានចែង ក្នុងប្រកាសលេខ០៨៧ ដ.ន.ស ប្រ/នឹក. ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការអភិវឌ្ឍដី របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់), ឯកសារបង់ពន្ធអចលនវត្ថុ, បណ្ឌបំបែកក្បាលដី និងខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។

ដោយឡែក សម្រាប់​ការទិញ​ផ្ទះ​វិញ សាធារណជន​ត្រូវ​ដឹងព័ត៌មាន​​ដូចជា លិខិតអនុញ្ញាតសាងសង់ (ចេញដោយក្រសួង​ដែនដី នគរូបនីយកម្ម និងសំណង់ ឬសាលារាជធានី-ខេត្ត), វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលទ្រព្យ (មានជាប់បន្ទុក ឬអត់), អាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន (ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ), ឯកសារបង់ពន្ធអចលនវត្ថុ, បណ្ណបំបែកក្បាលដី និងខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។

​ក្នុង​ករណី​សាធារណជន​ចង់​ដឹង​ព័ត៌មាន​កាន់តែ​លម្អិត​អាចទាក់ទង​មន្ត្រីជំនាញ​ទទួលបន្ទុក​កិច្ចការ​នេះ​របស់ក្រ​សួង​​សេដ្ឋកិច្ច​បាន តាម​រយៈលេខ​ទូរសព្ទ​ ០១២ ៣៩៣ ៧២៧ និ​ង​០៩៨ ៩៩៤ ៣៤៤ ឬតាមគណនីហ្វេសប៊ុកឈ្មោះ នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន៕

អត្ថបទដែលជាប់ទាក់ទង