នាយករដ្ឋមន្រ្ដីនេប៉ាល់ ​នឹងមកបំពេញទស្សនកិច្ចផ្លូវ​ការ​នៅកម្ពុជា​ នាសប្តាហ៍​ក្រោយ​

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon ble K. P. Sharma Oli) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៣ ដល់ ១៥ ខែឧសភា ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ខេ ភី សាម៉ា អូលី នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តម ខេ ភី សាម៉ា អូលី ត្រូវបានរំពឹងថា នឹងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ខេ ភី សាម៉ា អូលី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្កបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។ ឯកឧត្តម ក៏នឹងអញ្ជើញទៅទស្សនាទីកន្លែងសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញផងដែរ។

ក្រសួងការបរទេសចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីនេប៉ាល់មកកាន់កម្ពុជា នាពេលខាង​មុខនេះ នឹងពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាព និងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com