ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច ថាការប្តឹងរបស់គណបក្សខ្មែរក្រោកជារឿងមិនត្រឹមត្រូវ

 

(ភ្នំពេញ)៖ បន្ទាប់ពីចូលឆ្លើយបំភ្លឺចំពោះកញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួចរាល់ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត
សភាកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា ការប្តឹងរបស់គណបក្សខ្មែរក្រោកជារឿងមិនត្រឹមត្រូវ។

ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រៅរបងសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ថា «ខ្ញុំបានធ្វើបទសម្ភាស ជាមួយសារព័ត៌មានមែន រឿងគណបក្សខ្មែរក្រោក ដើរផ្តឹតមេដៃប្រជាជនដើម្បីទាមទារយកកោះត្រល់មកវិញ។ រឿងនេះ បើយើងមើលទៅប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ វាទៅអត់រួច។ ដូច្នេះវាគ្រាន់តែជា សកម្មភាពប្រជាភិថុតិរបស់គណបក្សខ្មែរក្រោកនៅមុនពេលបោះឆ្នោតឆ្នាំ២០១៨តែប៉ុណ្ណោះ»។

 

ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច បន្ថែមថា អ្វីដែលឯកឧត្តម និយាយក្នុងបទសម្ភាសគឺក្នុងនាមរាជបណ្ឌិតសភាកម្ពុជា ផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាលដើម្បីការពារសណ្ឋាប់ធ្នាប់សាធារណៈ ព្រោះការប្រមូលពលរដ្ឋឲ្យធ្វើតាមអ្វីដែលគណបក្សខ្មែរក្រោកចង់បានវាអាចនាំឲ្យមានបាតុភាពដូចឆ្នាំ២០១៣ជាក់ជាពុំខាន។

 

ទោះជាយ៉ាងណា ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច មិនបានសំណូមពរអ្វីទាំងអស់ ដោយទុកជូនតុលាការសម្រេចតាមឆន្ទានុសិទ្ធិ។

 

សូមជម្រាបជូនថា ដីកាកោះចុះទី០២ ខែឧសភា ឆ្នាំ២០១៩ នៃសំណុំរឿងព្រហ្មទណ្ឌលេខ៤៧០៨ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ បានកោះហៅ ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ឲ្យចូលខ្លួនឆ្លើយពាក់ព័ន្ធ បទកុប្បកម្ម និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាជារណៈ ដោយមានដើមបណ្តឹងឈ្មោះ ខែម ស៊ីឡេង ភេទប្រុស អាយុ ៣៧ឆ្នាំ ជាអគ្គលេខាធិការរងគណបក្សខ្មែរក្រោក។

 

គួររំឮកថា លោក ខែម ស៊ីឡេង អគ្គលេខាធិការរងគណបក្សក្រោក បានដាក់ពាក្យបណ្តឹងចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ដោយបានប្តឹង ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ពីបទ ជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាជារណៈ និងបទ ញុះញង់ឲ្យមានការរើសអើង យោងតាមមាត្រា៦០៩ និងមាត្រា៤៥៦ នៃក្រមព្រហ្មទណ្ឌ។

 

យោងតាមពាក្យបណ្តឹងរបស់តំណាងគណបក្សខ្មែរក្រោកនេះ បានចោទប្រកាន់ ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ថាបានផ្តល់បទ សម្ភាសដល់បណ្តាញសារព័ត៌មានជាច្រើនកាលពីអំឡុងថ្ងៃទី០៣-០៤ ខែសីហា ឆ្នាំ២០១៨ ក្នុងន័យបង្ហាញអំពីការគំរាមកំហែង និងញុះញង់ឲ្យរដ្ឋាភិបាលចាប់ខ្លួនអ្នកផ្តួចផ្តើមធ្វើញត្តិទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យ និងដោះស្រាយឡើងវិញលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងខ្មែរ-វៀតណាម បញ្ចូលគុក៕ (SN-ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង