ក្រសួងព្រមាន​ចាត់វិធានការ​ក្រុមហ៊ុនអាកាសចរណ៍​ ដែលឧស្សាហ៍លុបចោល​ជើងហោះហើរ ឬពន្យារពេល​ ដោយគ្មាន​ហេតុផល​

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានឱ្យដឹងថា កន្លងមក ធ្លាប់មានភ្ញៀវទេសចរ និងអ្នកដំណើរបានលើកឡើងពីការរិះគន់ដោយផ្ទាល់ និងប្រយោលចំពោះក្រុមហ៊ុនអាកាសចរណ៍មួយនៅកម្ពុជាដែលតែងតែឧស្សាហ៍លុបចោលជើងហោះហើរ ឬក៏ពន្យារពេលហោះហើរ ដោយគ្មានហេតុផលត្រឹមត្រូវ ហើយពេលខ្លះគ្មានបញ្ហាអាកាសធាតុអ្វីសោះ ក៏មានការលុបចោល ឬពន្យារពេលហោះហើរដែរ។

ក្នុងកិច្ចប្រជុំមួយនាពេលថ្មីៗនេះ ឯកឧត្តម ថោង ខុន បានអះអាងថា នៅពេលខាងមុខ គណៈកម្មការអន្តរក្រសួងដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស នឹងចាត់វិធានការលើក្រុមហ៊ុនអាកាសចរណ៍ណា ពាក់ព័ន្ធនឹងបញ្ហាឧស្សាហ៍លុបចោល និងពន្យារពេលហោះហើរជារឿយៗ ដែលបង្កការរិះគន់យ៉ាងខ្លាំងសម្បើមពីសំណាក់ភ្ញៀវទេសចរ និងអ្នកដំណើរ។

ការលុបចោលជើងហោះហើរ ឬពន្យារពេលជាញឹកញាប់ ដោយគ្មានហេតុផល រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់​ថា ករណីនេះ បានធ្វើឲ្យមន្ត្រី ថ្នាក់ដឹកនាំភាគច្រើន ក៏ដូចភ្ញៀវទេសចរពេលខ្លះ ខកដំណើរទៅចូលរួមប្រជុំ ខកដំណើរ​ក្នុងការតភ្ជាប់ជើងហោះហើរ ខាតបង់ពេលវេលា ហើយពេលខ្លះខូចដល់គម្រោងផែនការធំៗផងក៏មាន៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com