សម្តេច​ក្រឡាហោម ស ខេង ព្រមាន​ដល់​ក្រុមប្រឆាំង កុំ​ឲ្យ​ព្យាយាម​ធ្វើ​បដិវត្ត​ពណ៌ ដែល​បរាជ័យ កាលពី​ឆ្នាំ​២០១៣

(​ភ្នំពេញ​)៖ ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក អ៊ុំ រាត្រី ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក សួន​បវរ នា​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​បន្ទាយមានជ័យ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ព្រមាន​ដល់​ក្រុមប្រឆាំង កុំ​ឲ្យ​ព្យាយាម​ធ្វើ​បដិវត្ត​ពណ៌​ជាថ្មីទៀត ខណៈដែល​បដិវត្ត​ពណ៌ ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ បាន​បរាជ័យ​រួចមកហើយ​។​

សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា “…​ឥឡូវ សកម្មភាព​បដិវត្ត​ពណ៌ ជា​រូបមន្ត​មួយ ដែល​បណ្តា​ប្រទេស​មួយចំនួន បាន​ដើរ បរាជ័យ​ផង ជោគជ័យ​ផង​។ តាម​ដែល​យើង​ដឹង​។ ក៏ប៉ុន្តែ​កម្ពុជា​យើង វា​បរាជ័យ​ហើយ​។ កុំ​ចង់​សាកល្បង​ម្តងទៀត​។ បរាជ័យ​ហើយ នៅ​ឆ្នាំ​២០១៣​។ អាហ្នឹង អាច​យើង​និយាយថា ពេល​ណុង​ហើយ បដិវត្ត​ពណ៌​នោះ​។ រឿង​អី មិន​ថា​ពណ៌ ពីព្រោះ​យក​ផ្កា​កុលាប យក​ផ្កាឈូក យក​ផ្កា​អី ទៅ​ឲ្យ​កងរាជអាវុធហត្ថ ទៅ​ឲ្យ​កង​នគរបាលជាតិ ឈរ​ដើម្បី​យាម ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​។ អាហ្នឹង​គឺថា ពេលនោះ បើ​ថា​កងទ័ព នគរបាល កងរាជអាវុធហត្ថ យកទៅ រួច​តាំង​បដិវត្ត​ពណ៌ ទទួលបាន​ជោគជ័យ គេ​ហៅថា បដិវត្ត​ផ្កាឈូក​។ វា​ទៅ​អីចឹង​ទៅ​។ បដិវត្ត​ផ្កា​កុលាប​។ ប៉ុន្តែ​នគរបាល កងទ័ព អត់​យក​។ អត់​យកទៅ មិនដឹង​យកទៅ​ណា គាត់​យកទៅ​វិញ​ទៅ​»​។​

​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា «​ឥឡូវ​បបួលគ្នា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​។ កុំ​នាំគ្នា​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ រួច​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ធ្វើ​ម៉េច​បាន​? វា​មានរឿង​ច្រើន មិនមែន​គ្រាន់តែ​ចេះ​និយាយ​ទេ​។ មិនមែន​គ្រាន់តែ​ចេះ​ទិទាន​គេ ហៅថា ប្រជាធិបតេយ្យ​ទេ​។ ត្រូវធ្វើ​ជាក់ស្តែង​។ ចាត់តាំង​បោះឆ្នោត ឲ្យ​បាន​គ្រប់​អាណត្តិ ហើយដោយ​សេរី គ្មាន​អំពើហិង្សា​។ នេះ​ជាគោលការណ៍​គ្រឹះ​មួយ​ហើយ​។ សិទ្ធិ​បញ្ចេញមតិ ដែល​សព្វថ្ងៃនេះ គេ​ចោទថា យើង​វា​រឹតត្បិត​ការបញ្ចេញមតិ​។ ប៉ុន្តែ​ខ្ញុំ​គិតថា មិន​ដូច​គេ​ចោទប្រកាន់​ទាំងស្រុង​ទេ​។ សេរីភាព​សារព័ត៌មាន គណបក្សនយោបាយ​អី មូលដ្ឋានគ្រឹះ​មាន​ច្រើនណាស់​។ យើង​កំពុង​កំណែទម្រង់​ការគ្រប់គ្រង ផ្លាស់ប្តូរ​វប្បធម៌​ចាស់​… អាហ្នឹង​ក៏​ជា​មូលដ្ឋានគ្រឹះ នៃ​លទ្ធិប្រជាធិបតេយ្យ​ដែរ​…»៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង