ជើងហោះហើរមិនទៀងទាត់​ ធ្វើឲ្យភ្ញៀវទេសចរ​មកតាមនាវាធំៗ​ ខកខាន​មិនបាន​ទៅលេងអង្គរ​

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានអះអាងថា ភ្ញៀវទេសចរអន្តរជាតិដែលមកដល់កម្ពុជា តាមរយៈនាវាទេសចរណ៍ខ្នាតយក្សធំៗ ដែលចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កន្លងមកនោះ ក៏ចង់នាំគ្នាទៅទស្សនាកម្សាន្តនៅរមណីយដ្ឋានអង្គរ ក្នុងរយៈពេលខ្លីណាមួយផងដែរ ប៉ុន្តែមិនទាន់មានសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដែលអាចវិលមកវិញទាន់ការចាកចេញរបស់នាវា។

ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ អាណត្តិទី៦ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និង​ដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស នាពេលថ្មីៗនេះ ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា «ភ្ញៀវទេសចរភាគច្រើន ពួកគាត់មានបំណងចង់ទៅទស្សនាតាមកោះនានា និងចង់ជិះយន្តហោះទៅទស្សនាកម្សាន្តនៅប្រាសាទអង្គរវត្ត ដោយវិលលងាចឱ្យទាន់ជើងនាវាចេញទៅវិញ ប៉ុន្តែការលំបាកលើទូកទេសចរណ៍មិនមានម៉ោងកំណត់ជាក់លាក់ ហើយជើងហោះហើរមិនទៀងទាត់ទៀត»។

ឯកឧត្តមបានគូសបញ្ជាក់ថា ចំណុចនេះ គឺបានបញ្ជាក់ពីការខាតបង់កំណើនភ្ញៀវទេសចរ ដែលទៅទស្សនារមណីយដ្ឋានអង្គរ ដោយសារបញ្ហាការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ក៏ដូចជាភាពមិនទៀងទាត់នៃការចេញចាករបស់នាវាទេសចរណ៍អន្តរជាតិទាំងនោះ។

គួរបញ្ជាក់ថា នៅរយៈពេល៤ខែ ដើមឆ្នាំ២០១៩នេះ កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានកត់ត្រាទុកចំនួននាវាទេសចរណ៍បាន ៣០គ្រឿង កើនឡើង ៥៧.៨៩% ដោយផ្ទុកភ្ញៀវទេសចរអន្តរជាតិចំនួន ២៩,១១១នាក់ កើនឡើង ៧៨.២៥%។ សរុបទាំងអស់មានចំនួន ៩៧គ្រឿង ផ្ទុកភ្ញៀវទេសចរអន្តរជាតិសរុប ៩៥,២៤៧នាក់ ដែលនេះជាកំណើនមួយដ៏ល្អសម្រាប់កម្ពុជា។ នេះបើតាមការរបាយការណ៍លើកឡើងដោយឯកឧត្តម លូ គឹមឈុន អគ្គនាយកនៃកំពង់ផែស្វយ័តខេត្តព្រះសីហនុ។

អគ្គនាយកនៃកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា ការចូលចតរបស់នាវាទេសចរណ៍ទាំងនោះ មានរយៈពេលជាមធ្យមប្រមាណត្រឹមតែ ១៥ម៉ោង ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com