UCCD ​នឹងស្រាវជ្រាវពី​ការកកស្ទះចរាចរណ៍​ និងគ្រោះថ្នាក់​ចរាចរណ៍​នៅកម្ពុជា​

(ភ្នំពេញ)៖ កិច្ចពិភាក្សាអំពីគម្រោងកសាងសមត្ថភាព និងផ្តល់អានុសាសន៍ពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ និងការគ្រប់គ្រងទិន្នន័យដឹកជញ្ជូននៅក្នុងទីក្រុងនៅកម្ពុជា ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែឧសភានេះ រវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយគណៈប្រតិភូមកពីមជ្ឈមណ្ឌល Urban Center for Computation and Data (UCCD) នៃសាកលវិទ្យាល័យឈីកាហ្គោ តាមរយៈអង្គការ UNDP ប្រចាំនៅកម្ពុជា។

ក្នុងនោះ លោក Nick Beresford ប្រធានគ្រប់គ្រងអង្គការ UNDP ប្រចាំនៅកម្ពុជា បានលើកឡើងអំពីគម្រោងយុទ្ធនាការផ្សព្វផ្សាយរបស់ខ្លួនពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍​ ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងស្នើសុំការគាំទ្រ និងសហការពីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

ដោយឡែក លោកសាស្ត្រាចារ្យ Charlie Catlett ប្រធានមជ្ឈមណ្ឌល Urban Center for Computation and Data (UCCD) នៃសាកលវិទ្យាល័យឈីកាហ្គោ បានចែករំលែកនូវបទពិសោធន៍ការងាររបស់មជ្ឈមណ្ឌល និងសិស្សនិស្សិតរបស់លោកលើការសិក្សាស្រាវជ្រាវផ្នែកដឹកជញ្ជូន។

គណៈប្រតិភូរបស់ UCCD ក៏មានគម្រោងជំរុញអោយក្រុមសិស្សនិស្សិតធ្វើការសិក្សាស្រាវជ្រាវវាយតម្លៃអំពីផលប៉ះពាល់នានាពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ ព្រមទាំងសិក្សាស្រាវស្វែងរកគម្រោងជាគំរូពាក់ព័ន្ធនឹងការងារសុវត្ថិភាពចរាចរណ៍នៅកម្ពុជា ដែលក្រុមសិស្សនិស្សិត នឹងត្រូវជួបពិភាក្សានិងសិក្សាស្រាវជ្រាវជាមួយស្ថាប័នពាក់ព័ន្ធផងដែរ។

រដ្ឋមន្ត្រីក្រសួងសាធារណការ បានបង្ហាញការគាំទ្រចំពោះគម្រោងសុវត្ថិភាពចរាចរណ៍នេះ ហើយឯកឧត្តម បាន​គូស​បញ្ជាក់ថា ក្រសួងមានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត ដែលបច្ចុប្បន្នកំពុងធ្វើការសិក្សាដែលមានដូចជា គម្រោងផ្លូវរថភ្លើងលើអាកាស ផ្លូវរថភ្លើងប្រភេទ Monorail ពិនិត្យឡើងវិញនូវការដំណើរការរថភ្លើងភាគខាងជើងនិងភាគខាងត្បូង ពិនិត្យឡើងវិញនូវការពង្រីកការដឹកជញ្ជូនតាមផ្លូវទឹក ក្នុងគោ​ល​ដៅកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានស្នើឲ្យអង្គការ UNDP គាំទ្រទៅលើការអភិវឌ្ឍបន្ថែមមុខងារកម្មវិធីថែទាំផ្លូវ ដែល​កម្មវិធីនេះនឹងអាចប្រើប្រាស់ ដើម្បីរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍បានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com