ក្រសួងបរិស្ថានឲ្យអ្នកដែលទន្រ្ទានយកដី​ក្នុងតំបន់ការពារ​ធម្មជាតិ ​ត្រូវប្រគល់ដីមកវិញ​ដោយស្ម័គ្រចិត្ត ​និង​ឥតលក្ខខណ្ឌ​

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី០៩ ខែឧសភានេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការហាមឃាត់​ ការឈូស​ឆាយ កាប់ឆ្ការ ដុត រុករាន ទន្រ្ទាន បែងចែក ដីព្រៃឈើ ធ្វើជាកម្មសិទ្ធិ ​នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងនៅក្នុងតំបន់ការពារ​ធម្មជាតិ។

សេចក្តីជូនដំណឹងនេះ ធ្វើឡើងក្រោយពីក្រសួងបរិស្ថានពិនិត្យឃើញថា មានបុគ្គលមួយចំនួនបាន​ធ្វើការ​ឈូស​​ឆាយ កាប់ឆ្ការ ដុត រុក​រាន ទន្រ្ទាន បែងចែក​​ដីព្រៃឈើនៅ​ក្នុង​សហគមន៍​តំបន់ ​ការពារធម្មជាតិ និងនៅក្នុង​តំបន់​ការពារ​ធម្មជាតិ ដើម្បីយកធ្វើជាកម្មសិទ្ធិ ក្រោម​លេសខ្វះដីអាស្រ័យផល និង​បង្ក​បង្កើនផល។

​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ​ក្រសួ​ងបរិស្ថានសូមដាក់​ចេញ​នូវ​វិធានការ និងណែនាំ​ដូចខាង​ក្រោ​ម​៖
– ​​ទោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាក៏ដោយ ក៏ពុំមានសិទ្ធិរុករានដីព្រៃ​ កាន់កាប់ និងបែងចែកដី ​នៅក្នុង សហគ​ម​ន៍​តំបន់ការពារធម្មជាតិ និងនៅក្នុងតំបន់ការពារធម្មជាតិទេ
– ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពល្មើសច្បាប់ដូចជា ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្រ្ទាន ហ៊ុមព័ទ្ធ បែង​ចែក​ដីព្រៃឈើ ​និងការដាំដុះដំណាំ​ ​លើដីសហគមន៍​តំបន់​​ការពារធម្មជាតិ និង
ដីក្នុងតំបន់ការពារធម្មជាតិ​​
– ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់ការទិញ-លក់ដីរដ្ឋ និងការបញ្ជាក់ការទិញ-លក់ដីរដ្ឋដោយ​ខុស​ច្បាប់​ ក្នុង​តំប​ន់​សហ​គ​ម​ន៍​តំបន់​​ការពារធម្មជាតិ និង​ក្នុងតំបន់ការពារធម្មជាតិ
– មន្ទីរបរិស្ថានខេត្តត្រូវដឹកនាំមន្ត្រីឧទ្យានុរក្ស​ដោយសហការជាមួយរដ្ឋបាលដែនដី ក្នុងការអប់រំ​ផ្សព្វផ្សាយ​លិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដល់មហាជន​ទូទៅ ជាពិសេស ប្រជាសហគមន៍មូល​ដ្ឋាន
– អ្នកដែលបានទន្រ្ទានកាន់កាប់ដីខុសច្បាប់កន្លងមកត្រូវរុះរើខ្ទម តង់ និងសំណង់អនាធិបតេយ្យ ហើយ​ប្រគល់ដី និងទីតាំងមកឱ្យក្រសួងបរិស្ថានវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។

ក្រសួងបរិស្ថាន បានបញ្ជាក់ដែរថា ក្រសួងនឹងសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាល​ថ្នាក់ក្រោម​​ជា​តិពាក់ព័ន្ធ នឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើស ដូច​បានរៀបរាប់ខាងលើដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com