ឯកឧត្តម ស៊ុន ចាន់ថុល​ ស្នើក្រុមហ៊ុនចិន​សិក្សាផ្លូវដែក​ភ្ជាប់ពីក្រុងសិរីសោភណ្ឌ​ ទៅខេត្តសៀមរាប

(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យក្រុមហ៊ុនសាជីវកម្ម​សាង​សង់ផ្លូវដែកចិន (CRCC) សិក្សាសាងសង់ផ្លូវដែកមួយខ្សែថ្មីទៀត តភ្ជាប់ពីក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ទៅកាន់ខេត្តសៀមរាប ដែលមានប្រវែងសរុបប្រមាណ ១០០គីឡូម៉ែត្រ។

ការស្នើរបស់ឯកឧត្តម បានធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភានេះ ក្នុងពេលជួបពិភាក្សាការងារជាមួយ លោក Wang Wenzhong អនុប្រធានក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) និងគណៈប្រតិភូក្រុមហ៊ុន នៅទីស្ដីការក្រសួងសាធារណការ។

រដ្ឋមន្ត្រីក្រសួងសាធាណរការ បានអះអាងថា ការស្នើឲ្យមានការសាងសង់ផ្លូវដែកមួយខ្សែថ្មីនេះ ដោយហេតុថា មាន​ទេសចរយ៉ាងច្រើន ចង់ធ្វើដំណើរតាមរថភ្លើងពីទីក្រុងបាងកក ពីទីក្រុងកូឡាឡាំពួរ និងពីទីក្រុងសឹង្ហបុរី មកលេងប្រាសាទអង្គរវត្ត។

លោក Wang Wenzhong បានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះប្រទេសកម្ពុជា និងបានសម្តែងនូវសុឆន្ទៈ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។

ក្នុងនោះ លោកបានកត់សម្គាល់លើសំណើរបស់ឯកឧត្តម ស៊ុន ចាន់ថុល និងបានស្នើឲ្យមានការពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង ក្នុងគោលបំណងឲ្យផ្លូវ ដែកភាគខាងជើង និងភាគខាងត្បូងរបស់កម្ពុជា អាចដំណើរការបានរលូនឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការខូច​ខាតផ្លូវថ្នល់ និងកាត់បន្ថយតម្លៃដឹកជញ្ជូនទំនិញផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) គឺជាសហគ្រាសសំណង់ គ្រប់គ្រងដោយរដ្ឋ ដែលមាន​មូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន និងជាក្រុមហ៊ុនសំណង់ និងវិស្វកម្មធំបំផុតទីពីរ នៅលើពិភព​លោក​។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិននេះធ្វើឡើង ដើម្បីសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវដែកកម្ពុជា ដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត) សិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) និងរថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញ ហើយរាយការណ៍​ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់សម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនណាមួយ ដែលមានប្រសិទ្ធ​ភាព​បំផុត អាចកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com