គ​.​ជ​.​ប បោះពុម្ព​សន្លឹកឆ្នោត ចំនួន ៤៩០៦០ សន្លឹក សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩

(​ភ្នំពេញ​)៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បាន​បោះពុម្ព​សន្លឹកឆ្នោត ចំនួន ៤៩០៦០ សន្លឹក ដើម្បី​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​។ ការបោះពុម្ព​សន្លឹកឆ្នោត​នេះ ត្រូវបាន​បង្ហាញ​ដល់​អ្នកកាសែត និង​តំណាង​គណបក្សនយោបាយ នៅ​រោង​ពុម្ព លី វ៉ាន់​ហុង ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩​។​

​លោក ហង្ស ពុទ្ធា សមាជិក​គ​.​ជ​.​ប ដែល​បាន​នាំ​អ្នកកាសែត និង​តំណាង​គណបក្សនយោបាយ ទៅ​មើល​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត បាន​លើកឡើងថា ក្នុងចំណោម​សន្លឹកឆ្នោត​សរុប​ទាំង ៤៩០៦០ សន្លឹក គឺ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត មាន​ចំនួន ២២២០០ សន្លឹក​។ សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ មាន​ចំនួន ២២២០០​សន្លឹក និង​សន្លឹកឆ្នោត​គំរូ ចំនួន ៤៦៦០​សន្លឹក​។​

​លោក ហង្ស ពុទ្ធា បញ្ជាក់ថា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ គឺ​មិនមាន​សន្លឹកឆ្នោត​បម្រុង​ទេ​។​

យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា បានបដិសេធ​មិន​ប្រាប់​អ្នកកាសែត​ពីចំនួន​ថវិកាប៉ុន្មាន ដែល​គ.ជ.​ប ចំណាយ​​ក្នុង​ការបោះពុម្ពសន្លឹកឆ្នោត នាពេលនេះទេ។ ប៉ុន្តែ​​លោកហង្សពុទ្ធា បញ្ជាក់ថា រោងពុម្ព​ លីវ៉ាន់ហុង ត្រូវបានគ.ជ.ប យល់​​ព្រម​​​ឲ្យ​​​បោះពុម្ព​​សន្លឹក​​​ឆ្នោត​ ចំនួនមិនតិចជាង ១៣ លើក​​រួចមកហើយ​ សម្រាប់​ការ​បោះ​ឆ្នោត​​កន្លង​មក​​។

​ចំពោះ​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត ត្រូវបាន​លោក ហង្ស ពុទ្ធា ពន្យល់ថា ការបោះពុម្ព​សន្លឹកឆ្នោត នឹង​រួចរាល់ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩​។​

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ មាន​អ្នកបោះឆ្នោត​សរុប​ចំនួន ១១៥៧២​នាក់ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្នុង​មុខតំណែង និង​មាន​គណបក្សនយោបាយ ចំនួន ៧ ចូលរួម​ប្រកួតប្រជែង រួមមាន​៖ ១-​គណបក្ស​ប្រជាជន​កម្ពុជា ២-​គណបក្ស​យុវជន​កម្ពុជា ៣-​គណបក្ស​សញ្ជាតិ​កម្ពុជា ៤-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៥-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ៦-​គណបក្ស​ឆន្ទៈ​ខ្មែរ និង​៧-​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​។​

​សូមបញ្ជាក់ថា នៅពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ គឺ​អ្នកបោះឆ្នោត​ម្នាក់ ត្រូវ​គូស​លើ​សន្លឹកឆ្នោត ២ សន្លឹក គឺ​សន្លឹកឆ្នោត​ទី​១ ជាការ​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត និង​សន្លឹកឆ្នោត​មួយទៀត ជាការ​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ​។​

​គ​.​ជ​.​ប បាន​គូសបញ្ជាក់ថា សន្លឹកឆ្នោត សម្ភារៈ និង​ឯកសារ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត គ​.​ជ​.​ប ត្រូវបញ្ជូន​ទៅដល់​ការិយាល័យ​បោះឆ្នោត ទាំង ២០៣ ការិយាល័យ នៅ ២៤​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង