សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ទទួល​ថវិកា​ពី​សប្បុរសជន​សរុប​ប្រមាណ ៩៤​ម៉ឺន​ដុល្លារ​

(​ភ្នំពេញ​)៖ ពិធី​អបអរសាទរ​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ថ្ងៃ​៨​ឧសភា ដែល​បាន​ប្រារព្ធ​ឡើង នា​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩ នេះ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ដោយមាន​អ្នកចូលរួម​សរុប​ជាង ១៥០០​នាក់ គឺ​អង្គពិធី បានទទួល​ថវិកា​សរុប​ពី​សប្បុរសជន ប្រមាណ ៩៤​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ទ្រទ្រង់​សកម្មភាព​កាកបាទក្រហមកម្ពុជា ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក នៅ​ឆ្នាំ​២០១៩-២០១០​។​

​ដោយ​ជា​កិច្ច​ចាប់ផ្ដើម អង្គពិធី​បាន​ស្ដាប់​របាយការណ៍​ប្រចាំឆ្នាំ ស្ដីពី សកម្មភាព​ទូទៅ​របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និង​របាយការណ៍​រប​ស់​អភិបាលខេត្ត​ព្រៃវែង​។​

​បន្ទាប់មក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​អង្គពិធី ដោយបាន​គូសបញ្ជាក់ថា សម្ដេច និង​ភរិយា ពិតជា​មាន​ក្ដី​រីករាយ​បំផុត ចំពោះ​ការអញ្ជើញ​ចូលរួម​នៅថ្ងៃនេះ និង​សូម​ថ្លែងអំណរគុណ​ដល់​អង្គពិធី​ទាំងមូល ដែល​បាន​អញ្ជើញ​ចូលរួម​ធ្វើ​ឲ្យ​ពិធី​នេះ មាន​ភាព​អធិកអធម​។​

​ក្នុងនាម​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែង​កោតសរសើរ​ចំពោះ​លទ្ធផល​ការងារ​របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការជួយ​សម្រាល​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ និង​ក៏​ជួយ​សម្រាល​បន្ទុក​របស់​រដ្ឋបាលខេត្ត និង​រាជរដ្ឋាភិបាល ហើយ​សម្ដេច ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​សកម្មភាព​របស់​ក្រុមការងារ​ពាក់ព័ន្ធ​។​

​សម្ដេច​បាន​មានប្រសាសន៍ថា ក្រុមការងារ ទាំង​ក្រុមការងារ​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល និង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការងារ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិនមាន​ការប្រកាន់​និន្នាការ​នយោបាយ​ឡើយ ហើយ​សកម្មភាព​ក្រុមការងារ​ទាំងពីរ​នេះ គឺជា​ការរួមចំណែក​ប​ន្ថែ​ម​ទៀត​ពីលើ​របាយការណ៍​សកម្ម​ភាព​របស់​សាខា​កាកបាទក្រហម​ខេត្តព្រៃវែង​។​

​នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ សម្ដេច​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ទាំងអស់ ដែល​តែងតែបាន​ចូលរួម​បរិច្ចាក​ថវិកា​ផ្ទាល់ខ្លួន និង​ថវិកា​ក្រុមហ៊ុន វិភាគទាន​ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង ដែល​នេះ​គឺជា​ការចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ និង​ចូលរួម​អភិវឌ្ឍន៍​ខេត្តព្រៃវែង​។​

​សម្ដេច ក៏បាន​សម្ដែង​ក្ដី​ជឿជាក់ថា សប្បុរសជន​ទាំងអស់ នឹង​បន្ត​ចែករំលែក​ធនធាន​តាម​លទ្ធភាព​មក​សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ទាំង​នៅ​ឆ្នាំនេះ និង​ឆ្នាំ​បន្តបន្ទាប់ និង​បាន​ថ្លែង​កោតសរសើរ​ចំពោះ​មន្ត្រី និង​យុវជន​កាកបាទក្រហម ដែល​បាន​ខិតខំ​បំពេញ​សកម្មភាព​មនុស្សធម៌​យ៉ាង​ល្អ ពិសេស​ការចុះ​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​នៅតាម​មូលដ្ឋាន​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​បន្ត​អំពាវនាវ​កុំ​ឲ្យ​មានការ​រើសអើង និង​ប្រកាន់​និន្នាការ​នយោបាយ នៅក្នុង​សកម្មភាព​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ និង​បាន​រំលឹក​ឲ្យ​បន្ត​រក្សា​តម្លាភាព​ក្នុងការ​គ្រប់គ្រង និង​ប្រើប្រាស់​ថវិកា​ដែល​បានមកពី​សប្បុរសជន ដើម្បី​ផ្ដល់​ជំនឿ​ទុកចិត្ត​ជូន​សប្បុរសជន ទៅតាម​គោលការណ៍​របស់​កាកបាទ​ក្រហម​កម្ពុជា ដែលមាន​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ជា​ប្រធាន​។​

​បន្ទាប់ពី​ពិធី​សំណេះសំណាល សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ បាន​អញ្ជើញ​ផ្ដល់​កិ​តិ្ត​យស ទទួល​ថវិកា​វិភាគទាន​ពី​សប្បុរសជន​នានា ហើយ​ជា​លទ្ធផល ក្នុង​ពិធី​អបអរសាទរ​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ឆ្នាំ​២០១៩​នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ទទួលបាន​ថវិកា​វិភាគទាន​សរុប​ប្រមាណ ៩៤​ម៉ឺន​ដុល្លារ​អាមេរិក​៕​

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com