បទវិចារណាកថា៖ ហេតុអ្វី ជនជាតិចិន មានកាំភ្លើងកាន់ បាញ់សម្លាប់គ្នា?
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ មានហេតុការណ៍ចិនបាញ់សម្លាប់ចិនគ្នាឯង នៅក្នុងឡាន Highlander ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2X-3970 ហើយរុញទម្លាក់ សពនៅកណ្តាលផ្លូវ ខណៈដែលចរាចរណ៍ចង្អៀតណែន និងកណ្តាលថ្ងៃត្រង់។ ហេតុការណ៍នោះ បានកើតឡើង នៅមុខសណ្ឋាគារខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយហេតុការណ៍ភ្លាមៗ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ Swift News ថា បុរសជនសង្ស័យចំនួន ២នាក់ ជាជនជាតិចិន ត្រូវបានឃាត់ខ្លួន ហើយសមត្ថកិច្ច កំពុងតាមរកអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ប៉ុន្តែចំពោះមូលហេតុនៃការបាញ់សម្លាប់បុរសជនជាតិចិននោះ សមត្ថកិច្ច មិនទាន់ប្រកាសឲ្យដឹងនៅឡើយ។
ករណីជនជាតិចិន មានកាំភ្លើង បាញ់សម្លាប់គ្នា និងបង្កអំពើហិង្សា នៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ដែលចិនចូលមករកស៊ី និងរស់នៅច្រើននោះ គឺបានកើតឡើងជាញយដងរួចមកហើយ។ ករណីនេះ នាំឲ្យមានការចោទសួរថា តើចិនទាំងនោះ បានកាំភ្លើង មកពីណា? ហើយអង្គភាពណា ផ្តល់ឲ្យ? តើមានលិខិតអនុញ្ញាតអត់? ឬជាអាវុធខុសច្បាប់? ករណីនេះ គប្បីត្រូវស្រាវជ្រាវ។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយ គឺមិនត្រូវទាល់តែសោះ ដែលសមត្ថកិច្ចយើង អនុញ្ញាតឲ្យអ្នកទេសចរ ឬអ្នករកស៊ី ជាជនបរទេស ពិសេសចិន មានកាំភ្លើង ហើយបើទោះបីជាអង្គភាពកងកម្លាំងប្រដាប់អាវុធណាក៏ដោយ ដែលចេញលិខិតអនុញ្ញាតច្បាប់ ឲ្យចិនមានសិទ្ធិកាន់កាំភ្លើងនោះ គួរតែមានស្មារតីសន្តិសុខនិយម ជាតិនិយម ឬកម្ពុជានិយម។
ដូច្នេះអង្គភាពកងកម្លាំងប្រដាប់អាវុធយើង ត្រូវគិតវែងឆ្ងាយ កុំចេះតែលក់កាំភ្លើង ឬក៏ឲ្យអាជ្ញាប័ណ្ណប្រើប្រាស់កាំភ្លើង ទៅជនជាតិចិនទាំងអស់នោះ ពីព្រោះជនជាតិចិន ជាទូទៅ មានចរិកឆេវឆាវណាស់ ហើយនៅពេលមានបញ្ហាដូចនេះ នាំឲ្យខូចមុខមាត់ប្រទេសជាតិ ហើយបង្កជាសំណួរមួយនៅក្នុងចំណោមប្រជាជនកម្ពុជា ថាម៉េចបានជាវាទៅអីចឹង? ហេតុអ្វីបានជាចិន នៅកំពង់សោម មានកាំភ្លើង?
នរណាមករកស៊ីនៅស្រុកយើង ក៏យើងស្វាគមន៍ដែរ។ ប៉ុន្តែកុំស្វាគមន៍រហូតដល់ឲ្យបរទេសទាំងនោះ មានកាំភ្លើងកាន់ ដែលវាជ្រុលពេកហើយ។
ចាប់ពីពេលតទៅ កងកម្លាំងប្រដាប់អាវុធ ពិសេសស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវធ្វើការងារធ្ងន់ជាងមុន ដោយសហការជាមួយក្រុមការងារពិសេសរបស់ក្រសួងមហាផ្ទៃ ដែលបញ្ជូនទៅពីភ្នំពេញ ដើម្បីអនុវត្តច្បាប់តឹងរឹងជាងមុន ពិសេសលើជនជាតិចិន។
ករណីចិនមានកាំភ្លើង បាញ់សម្លាប់មនុស្ស និងបង្កជម្លោះក្នុងចំណោមជនជាតិចិនគ្នាឯង គឺជាអាទិភាព មុននឹងឈានដល់ការបង្កើនកិច្ចការពារសន្តិសុខ ពិសេសបង្ការករណីចាប់ជម្រិត ដែលនឹងអាចកើតមានជាយហេតុរវាងចិន និងចិនផង ឬក៏អាចនឹងមានជនជាតិចិនខិលខូចមួយចំនួន ដែលមានកាំភ្លើង អាចនឹងធ្វើសកម្មភាព បង្កអសន្តិសុខណាមួយ ក៏អាចថាបាន បើសិនជា អាជ្ញាធរសមត្ថកិច្ច បណ្តែតបណ្តោយ និងដោយសារតែចង់បានលុយចិនខ្លាំងពេក?

