សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ទទួលបាន​ថវិកា​ពី​សប្បុរសជន ៥៧​ម៉ឺន​ដុល្លារ​

(​ស្វាយរៀង​)៖ សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បាន​ប្រារព្ធ​ពិធី​អបអរសាទរ ខួប​ទី​១៥៦ ទិវា​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៩​។ ពិធី​នេះ បាន​ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន ខេត្តស្វាយរៀង​។​

​ជា​តួលេខ​បណ្តោះអាសន្ន ក្នុង​ពិធី​ជួបជុំ​របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​០៦ ខែឧសភា​នេះ អង្គពិធី​ទទួលបាន​ថវិកា​ពី​សប្បុរសជន​ ចំនួន ៥៧​ម៉ឺន​ដុល្លារ​។

​សូម​រម្លឹកថា កម្មវិធី​អបអរសាទរ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ថ្ងៃ​៨​ឧសភា នឹង​ប្រារព្ធ​ឡើង​ទ្រង់ទ្រាយ​ធំ នៅ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា ស្ថិតនៅ​តាមផ្លូវ​លេខ​២៧១ នៅ​អូរ​បែកក្អម ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩​។​

​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ នៃ​កាកបាទក្រហមកម្ពុជា បាន​លើកឡើងថា ការ​ប្រារព្ធ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០១៩ នឹង​ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ «​ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា​» ដើម្បី​សម្រេចបាន​ជោគជ័យ​តាម​ការរំពឹងទុក ក្នុង​ការយក​មូលនិធិ ដែល​ទទួលបាន​ពី​សប្បុរសជន ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​គ្រោះមហន្តរាយ និង​ជន​ងាយ​រងគ្រោះ​បំផុត រួមមាន ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ កុមារកំព្រា ជនពិការ អ្នកមាន​ជំងឺ​រ៉ាំ​រៃ​។​ល​។​

​សូមបញ្ជាក់​ជូន​ថា កាកបាទក្រហមកម្ពុជា នឹង​ប្រារឰ​មិ​ទ្ទីង​ថ្នាក់ជាតិ ដើម្បី​អបអរ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០១៩ ក្រោម​ប្រធានបទ «​ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា​» និង​អបអរ​ខួប ១០០​ឆ្នាំ នៃ​ការបង្កើត​សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម (១៩១៩-២០១៩) នៅ​ទីស្នាក់ការ​កណ្ដាល កាកបាទក្រហមកម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៨ ខែឧសភា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង ៨​ព្រឹក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយមាន​វត្តមាន​ឥស្សរជន ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ និង​សប្បុរសជន​ចូលរួម​ប្រមាណ ៤​ពាន់​នាក់​។​

​ទិវា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥៥ ក្រោម​ប្រធានបទ “​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​” ដែល​បាន​ប្រារព្ធ​ឡើង កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៨ កាកបាទក្រហមកម្ពុជា ទទួលបាន​ថវិកា​ពី​សប្បុរសជន​សរុប​ជាង ១៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ក្នុងនោះ លោក​ឧកញ៉ា ហុង ពី​វ ម្ចាស់​បុរី​ពិភពថ្មី បាន​បរិច្ចាគ​ថវិកា​ច្រើនជាងគេ ជូន​កាកបាទក្រហមកម្ពុជា រហូតដល់ ១​លាន ២​សែន ៨​ម៉ឺន​ដុល្លារ​អាមេរិក​៕
( រូបភាព​ពី​ហ្វេ​ស​ប៊ុ​ក​)​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com